(បន្ទាយមានជ័យ)៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី១៣ ខែតុលា ជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំងធ្វើឲ្យក្រុងស្រុកទាំង ៩ក្នុងខេត្តលិចអស់១ភាភធំ ក្នុងនោះមានផ្ទះ ស្រូវ ដំឡូង និងហេដ្ឋារចនាសម្ព័ន្ធ ហើយមានប្រជាពលរដ្ឋស្លាប់៣នាក់ផងដែរ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃនេះទាំង៩ក្រុងស្រុក ជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងខ្លាំង ហើយស្ថានភាពទឹកស្ទឹងសិរីសោភ័ណ កំពុងហក់ឡើងយ៉ាងកំហុកផងដែរ ក្នុងក្រុងសេរីសោភ័ណ។

ក្នុងនោះរដ្ឋបាលខេត្ត បានជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញធំៗ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបន្ទាយមានជ័យ ដល់ភ្នំពេញ សូមផ្អាកជាបណ្តោះអាសន្នសម្រាប់យានយន្តធុនធំគ្រប់ប្រភេទ រហូតមានការជូនដំណឹងជាថ្មី។

បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ត្រូវបានសមត្ថកិច្ច៣ស្ថាប័ន (នគរបាល អាវុធហត្ថ យោធា) និងរដ្ឋបាលខេត្តក្រុងស្រុក ក្រោមការបញ្ជារបស់លោក អ៊ុ រាត្រី អភិបាលខេត្ត បានជួយដឹកជញ្ជូនជម្លៀសទៅដាក់ទីទួលមានសុវត្ថិភាពអស់ហើយ ក្នុងនោះក៏ធ្វើការចែកស្បៀងឲ្យជាបណ្ដោះអាសន្នផងដែរ។

រដ្ឋបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។ អាជ្ញាធរស្រុកឃុំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុផងដែរ។

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដោយអភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុ រាត្រី, ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ និងមេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ប៉ោន ប៊ិន បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះទៅចុះពិនិត្យស្ថានភាពទឹកលិច នៅខេត្តបន្ទាយមានជ័យ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ៕