(ភ្នំពេញ)៖ ករណីអគ្គិភ័យឆេះឃ្លាំងស្តុកសារធាតុគីមី «ក្លរ» ស្ថិតនៅជិតបុរីឈូកវ៉ា៣ តាមបណ្តោយផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចពន្លត់បានដោយជោគជ័យ មិនបង្កឲ្យមានការរីករាលដាលនៅកន្លែងផ្សេងក្បែរនោះឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះថា ទីតាំងខាងលើមានម្ចាស់ឈ្មោះ ឈុន ណាវ៉េត ភេទស្រី អាយុ២៣ឆ្នាំ ហើយមូលហេតុ ដែលនាំឲ្យមានករណីអគ្គិភ័យ គឺបណ្ដាលមកពីប្រតិកម្មសារធាតុគីមី «ក្លរ»។

បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ត ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ចំនួន២៨គ្រឿង ប្រើទឹកអស់ ៥០ឡាន ក្នុងនោះ រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២១គ្រឿង ប្រើទឹកអស់ចំនួន៤៣ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន។

នាយការិយាល័យរូបនេះ បានអះអាងទៀតថា ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ពោលគ្រាន់តែបំផ្លាញទ្រព្យសម្បត្តិនៅក្នុងឃ្លាំងស្តុកសារធាតុគីមីតែប៉ុណ្ណោះ៕