(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា មានមនុស្ស៧នាក់បានស្លាប់ដោយសារលង់ទឹក ខណៈដែលបណ្តាខេត្តមួយចំនួនរបស់កម្ពុជា កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់នៅថ្ងៃទី១៣ ខែតុលានេះថា មនុស្សទាំង៧នាក់ដែលស្លាប់ដោយលក់ទឹកនេះ មាននៅក្នុងខេត្តបាត់ដំបង២នាក់, ពោធិ៍សាត់១នាក់, បន្ទាយមានជ័យ១នាក់, កណ្ដាល១នាក់, សៀមរាប១នាក់ និងកំពង់ចាម១នាក់ផងដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនចៅ និងសមាជិកគ្រួសារ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលបាន និងកំពុង ក៏ដូចជាត្រៀមអន្ដរាគមន៍ជួយសង្គ្រោះ។

គួរជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មានបណ្តាស្រុកមួយចំនួន ខេត្តចំនួន១៣ របស់ប្រទេសកម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ឬមានកម្ពស់ទឹកឈានដល់ការប្រកាសអាសន្ន ក្នុងនោះរួមមាន៖ ខេត្តប៉ៃលិន,បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, ព្រះវិហារ, កំពង់ឆ្នាំង, ស្ទឹងត្រែង, សៀមរាប, កំពង់ស្ពឺ, ក្រចេះ, កំពង់ចាម, ត្បូងឃ្មុំ និងខេត្តកំពង់ធំជាដើម។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ អំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ និងសូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែតុលា ឆ្នាំ២០២០ ដោយសាឥទ្ធិពលនៃព្យុះមួយចំនួន។