(ស្ទឹងត្រែង)៖ ជំនន់ទឹកភ្លៀងដែលបានជន់លិច កាលពីចុងសប្តាហ៍ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានប៉ះពាល់ដល់ឃុំចំនួន៥ និង១៣ភូមិ បានស្រកចុះវិញជាបណ្តើរៗហើយនៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់រដ្ឋស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ឃុំដែលប៉ះពាល់ពីជំនន់ទឹកភ្លៀងរួមមាន៖ ឃុំអន្លង់ភេ, ឃុំអន្លង់ជ្រៃ, ឃុំចំការលើ, ឃុំស្រែឫស្សី និងឃុំកាំងចាម។

ក្នុងនោះដែរជំនន់ទឹកភ្លៀង បានបណ្ដាលឲ្យមានការជនលិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរហូតដល់៨៥១ខ្នងផ្ទះ និងបានជម្លៀសប្រជាជនបានចំនួន៥៥គ្រួសារ ទៅទីទួលសុវត្ថិភាព។ ក្នុងនោះមានប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងសរុបចំនួន ៩២៣គ្រួសារ រស្មីនឹង៣.៣៧៧នាក់។

ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួនសរុប ៣២៧ហិកតា និងខូចខាតសរុប១៧១ហិកតា ចំណែកដំណាំរួមផ្សំផ្សេងៗ គិតជាហិចតាសរុប៣០ហិកតា និងធ្វើឲ្យខូចខាតសរុប ២២ហិកតា ព្រមទាំងមានការជន់លិចសាលារៀន ផ្លូវ លូ និងវត្តអារាមផងដែរ។

កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្ត បានបន្តចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិដូង និងភូមិកេស ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ដែលកំពុងជន់លិច។

នៅក្នុងឱកាសនោះដែរលោក ម៉ុម សារឿន បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់លិច ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា និងត្រូវប្រកាន់ភ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតប្រកបដោយអនាម័យ។

បន្ថែមពីនោះដែរលោក ម៉ុម សារឿន ក៏បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងត្រៀមរួចជាស្រេចនូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀងកើនឡើង ដើម្បីជួយសង្គ្រាះបងប្អូនពលរដ្ឋ នៅមូលដ្ឋានឲ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរ គិតមកដល់ល្ងាចថ្ងៃដដែលនេះ ជំនន់ទឹកភ្លៀងក្នុងស្រុកថាឡាបរិវ៉ាត់ បានស្រកចុះជាបណ្តើរៗហើយនៅក្នុងឃុំចំនួន៤ តែសម្រាប់ឃុំកាំងចាម ទឹកនៅបន្តជន់លិចនៅឡើយ៕