(តាកែវ)៖ លោកឱសថការី ផាន់ វ៉ាន់ ប្រធានគណៈឱសថការីខេត្តតាកែវ បានណែនាំដល់សមាជិក សមាជិការបស់ឱសថការីទូទាំងខេត្តតាកែវ ហាមដាច់មិនឲ្យមានការ ដាក់លក់នៅឱសថ ៤មុខ ដែលក្រសួងសុខាភិបាលបានហាមឃាត់ ដែលក្នុងនោះរួមមាន ថ្នាំគ្រុនចាញ់ ថ្នាំរបេង ថ្នាំអេដស៍ និងឧបករណ៍ត្រួតពិនិត្យតេស្តរកជំងឺកូវីដ១៩។

ថ្លែងនៅក្នុងឱកាសចូលរួមសិក្ខាសាលាផ្សព្វផ្សាយក្របខណ្ឌនិយ័តកម្មគោលការណែនាំ ស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី ការផ្តល់ជូនវិញ្ញាបនបត្របញ្ជិកា ឱសការីកម្ពុជា និងលិខិតថ្លែងអំណរគុណដល់សមាជិក សមាជិកា ខេត្តតាកែវ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោកឱសថការរី ផាន់ វ៉ាន់ បានបន្តថា សមាជិក សមាជិកាឱសថការីសម្រាប់ខេត្តតាកែវ ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានហាមនៅតាមកន្លែងលក់ថ្នាំពេទ្យ ឬហ្វាម៉ាស៊ី និងគ្លីនិច្ចឯកជន មិនឲ្យមានការដាក់លក់ឱសថ៤មុខនេះជាដាច់ខាត ប្រសិនបើឱសថដ្ឋានណាមួយដាក់លក់ គឺត្រូវទទួលខុសដោយខ្លួនឯងចំពោះច្បាប់។

លោកឱសថការី ផាន់ វ៉ាន់ បានបន្តថា មូលហេតុដែលក្រសួងធ្វើការហាមឃាត់នៅការដាក់លក់ឱសថទាំងនេះ ដើម្បីការពារសុខមាភាពជូនប្រជាពលរដ្ឋ ដែលនាំគ្នាទៅ ឱសថទិញ ពីកន្លែងលក់តាមគ្លីនិក ហ្វាមម៉ាស៊ី ឬកន្លែងលក់ថ្នាំពេទ្យផ្សេងៗ ដែលមិនមានជំនាញច្បាស់លាស់ និងមិនបានធ្វើការត្រួតពិនិត្យអំពីសុខភាពជូនប្រជាពលរដ្ឋ បានត្រឹមត្រូវ ដែលនាំឱ្យមានផលប៉ះពាល់ចំពោះសុខភាព និងអាយុជីវិត។

លោកឱសថការរី ផាន់ វ៉ាន់ ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលមានការសង្ស័យថាខ្លួនមានអាការៈ ឬជំងឺណាមួយនោះ សូមឲ្យទៅធ្វើការពិនិត្យឱ្យបានច្បាស់លាស់ ជាមួយគ្រូពេទ្យដែលមានជំនាញ ឬនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករដ្ឋដែលជិត ព្រោះថានៅតាមទីតាំងទាំងនោះមានគ្រូពេទ្យជំនាញនិងព្យាបាលជូន ដោយមិនមានការគិតលុយនោះទេ៕