(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវដល់និស្សិត ដែលទើបបញ្ចប់ការសិក្សា គួរចាប់យក ឬបង្កើតមុខរបរ ទៅតាមជំនាញរបស់ខ្លួនមួយ ដើម្បីមានការងារធ្វើ និងមានប្រភពចំណូល ចៀសវាងធ្វើចំណាកស្រុក។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន ចុះមកពិនិត្យកសិដ្ឋានបង្កាត់-ភ្ញាស់កង្កែប របស់លោក គង់ គីមឆាវ នៅភូមិអង្គ្រង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។

លោក គង់ គីមឆាវ បានឲ្យដឹងថា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅឆ្នាំ២០១៦ គាត់បានត្រលប់ទៅស្រុកកំណើតវិញ ជាមួយនឹងកង្កែបមេពូជចំនួន៣០គូរ។ ដោយសារចំណង់ចំណូលចិត្ត និងឆន្ទៈតស៊ូមោះមុត បច្ចុប្បន្ន គាត់មានលទ្ធភាពបង្កើនមេពូជកង្កែប រហូតដល់ទៅ៣០០០គូ ក្នុងមួយឆ្នាំ។ គាត់បានប្រើប្រាស់ប្រាក់ ចំណេញធ្វើការកែលម្អកន្លែង បង្កាត់ភ្ញាស់របស់គាត់ជាអាំងស៊ីម៉ង។

លោក គីម ឆាវ ត្រូវបានគេទទួលស្គាល់ និងចាត់ទុកថា ជាវារីវប្បករគំរូម្នាក់ ក្នុងខេត្តសៀមរាប ដែលទទួលបានជោគជ័យអាជីវកម្មខ្នាតតូច និងមធ្យម។ យុវជនរូបនេះ បាននិយាយថា ទីផ្សារកូនកង្កែបកំពុង មានការកើនឡើងស្ទើរគ្រប់បណ្តាខេត្ត មកបញ្ជាទិញតាម YouTube និង Facebook ដោយលក់១គូ ក្នុងតម្លៃ ៥-៦០,០០០រៀល ប៉ុន្តែកសិដ្ឋានមិនទាន់បញ្ចេញលក់ច្រើន ដោយសារទុកពង្រីកបន្ថែម។

លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងការគាំទ្រលើកទឹកចិត្ត និងជូនពរឲ្យអាជីវកម្មចិញ្ចឹមកង្កែបនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់ និងស្នើសុំឲ្យលោក គីមឆាវ ជួយចែករំលែកបទពិសោធន៍ល្អៗ ដល់អ្នកទើបចាប់ផ្តើមចិញ្ចឹម និងលក់ចែកចាយពូជ។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់និស្សិតដែលទើបបញ្ចប់ការសិក្សាគួរចាប់យក ឬបង្កើតមុខរបរទៅតាមជំនាញរបស់ខ្លួនមួយ ដើម្បីមានការងារធ្វើ និងមានប្រភពចំណូល ចៀសវាងធ្វើចំណាកស្រុក និងជាពិសេសគួរឆក់យកឱកាសមាសនេះ ដោយប្រើប្រាស់សក្តានុពលរបស់ខ្លួនដែលទទួលបានពីសាលា។

ដោយឡែក លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ក៏បានសម្តែងការគាំទ្រចំពោះសកម្មភាពចិញ្ចឹម និងបង្កាត់ពូជកង្កែបនេះ ព្រោះវាជាប្រភពនៃប្រាក់ចំណូល សម្រាប់កែលម្អកម្រិតជីវភាពយុវជនជំនាន់ថ្មី ឲ្យកាន់តែល្អប្រសើរ។

តាមរបាយការណ៍របស់រដ្ឋបាលជលផល បានឲ្យដឹងថា ការអនុវត្តគម្រោងវារីវប្បកម្ម ឆ្លើយតបទៅ នឹងវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ-១៩ កម្មវិធី CapFish Aquaculture គឺជាសកម្មភាពការងារគម្រោងអភិវឌ្ឍន៍មួយ ដែលត្រូវបានរៀបចំដំណើរការ ធ្វើឡើងនៅក្រោមកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកវារីវប្បកម្ម ដែលទទួលបានហិរញ្ញប្បទានពីសហគមន៍អឺរ៉ុប។

សកម្មភាពការងារអភិវឌ្ឍន៍របស់គម្រោង មានគោលដៅផ្តោតជាសំខាន់ ក្នុងការជួយជំរុញការអភិវឌ្ឍផលិតកម្មវារីវប្បកម្ម ឲ្យដំណើរការបានលឿនឆាប់រហ័ស ហើយអាចឆ្លើយតបបានទាន់ពេលវេលា ទៅនឹងវិបត្តិសេដ្ឋកិច្ច និងបញ្ហាសន្តិសុខស្បៀង នៅក្នុងអំឡុងពេល នៃការផ្ទុះជំងឺរាតត្បាតកូវីដ-១៩។

ការអនុវត្តកម្មវិធីនេះ ដោយរដ្ឋបាលជលផល ទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ គម្រោងអនុវត្តលើខេត្តគោលដៅចំនួន១០ គឺខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ កំពង់ឆ្នាំង កណ្តាល តាកែវ និងព្រៃវែង ដោយក្នុងខេត្តនីមួយៗ មានអ្នកចិញ្ចឹមត្រីអណ្តែង ១០០គ្រួសារ និងអ្នកចិញ្ចឹមកង្កែប ១០០គ្រួសារ សរុប ២០០គ្រួសារក្នុង១ ខេត្ត និង ២ ០០០គ្រួសារនៅទូទាំង ១០ខេត្ត។

គម្រោងអភិវឌ្ឍកសិដ្ឋានខ្នាតតូច ឬជាលក្ខណៈគ្រួសារចិញ្ចឹមត្រីអណ្តែង និងចិញ្ចឹមកង្កែប ដោយគ្រួសារនីមួយៗ ទទួលបានការជួយឧបត្ថម្ភពីគម្រោងនូវឧបករណ៍ សម្ភារចាំបាច់មួយចំនួន ដូចជាអាងចិញ្ចឹម កូនពូជ និងចំណីសម្រាប់ដំណើរការចិញ្ចឹមវគ្គទី១ និងផ្តល់បច្ចេកទេស។

២៖ ការទទួលប្រយោជន៍ពីគម្រោង

ក៖ អ្នកចិញ្ចឹមត្រី
* ទទួលបានអាងប្លាស្ទីកចំនួន២ អាង ដែលអាងនិមួយៗមានទំហំ ៧.៥ម២
* កូនត្រីចំនួន៩០០ក្បាល ក្នុងកសិករចិញ្ចឹមម្នាក់ (៤៥០ក្បាល/អាង)
* ចំណី១០០% សម្រាប់ចិញ្ចឹមវគ្គទី១ និង៣០%ចិញ្ចឹមវគ្គទី២

ខ៖ អ្នកចិញ្ចឹមកង្កែប
* ទទួលបានអាងប្លាស្ទីកចំនួន២ អាង ដែលអាងនិមួយៗមានទំហំ ៧.៥ម២
* កូនកង្កែបចំនួន១.០៥០ក្បាល ក្នុងកសិករចិញ្ចឹមម្នាក់ (៥២៥ក្បាល/អាង)
* ចំណី១០០%សម្រាប់ចិញ្ចឹមវគ្គទី១ និង៣០%ចិញ្ចឹមវគ្គទី២

គ៖ អ្នកបង្កាត់ភ្ញាស់ត្រី/កង្កែប
* ទទួលបានអរម៉ូន
* ចំណីមេពូជ និងកូនពូជ៣វគ្គ
* ផ្តល់មេពូជថ្មី
* ផ្តល់អាងបន្ថែម

ឃ៖ អ្នកបំប៉នកូនត្រី (យកកូនត្រី Larvae បំប៉នទៅជាកូនត្រីពូជ)
* ផ្តល់អាងប្លាស្ទីកអាស្រ័យលើចំនួនអ្នកចិញ្ចឹម
* ផ្តល់ចំណី
* ផ្តល់ការដឹកជញ្ជូន៕