(ភ្នំពេញ)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងប្រាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំជាទីបំផុត ដែលធ្វើយ៉ាងណាឱ្យកម្ពុជា នៅតែបន្តរក្សាបាននូវអធិបតេយ្យ និងភាពថ្លៃថ្នូររបស់ខ្លួន។

ការអះអាងបែបនេះរបស់ លោក វ៉ាង យី បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ អំឡុងពេល លោក វ៉ាង យី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា លោកប្រាក់ សុខុន។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ លោក វ៉ាង យី បាននាំមកនូវផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរសព្វសាធុការពីសំណាក់ ប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង ក៏ដូចជាប្រជាជនចិន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន។

«ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំជាទីបំផុត ធ្វើយ៉ាងណាឱ្យកម្ពុជា រក្សាឱ្យបាននូវអធិបតេយ្យ និងភាពថ្លៃថ្នូររបស់កម្ពុជា»។ នេះជាការបញ្ជាក់ច្បាស់ៗរបស់ លោក អ៊ាង សុផល្លែត។

មុនការមកបំពេញទស្សនកិច្ចរបស់ លោក វ៉ាង យី, សារព័ត៌មានរបស់សហរដ្ឋអាមេរិក និងក្រុមប្រឆាំងមួយចំនួន បានវាយប្រហារអំពីទំនាក់ទំនងកម្ពុជា-ចិន ជាពិសេសការអនុញ្ញាតឱ្យចិនអភិវឌ្ឍ និងចូលចតនៅកំពង់ផែយោធារាម។ នាថ្មីៗនេះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោកចែត រ៉ុចឌូម៊ែរ (Chad Roedemeier) បានលើកឡើងថា កម្ពុជាគួរតែឲ្យមានប្រទេសជាដៃគូកម្ពុជាចូលទៅមូលដ្ឋានកងទ័ពជើងទឹករាម មិនគួរឲ្យមានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងផ្តាច់មុខ និងជាអចិន្ត្រៃយ៍នៅមូលដ្ឋានកងទ័ពជើងទឹកនោះទេ។

ទោះជាយ៉ាងនេះក្តី ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំពង់ផែរាមជាកំពង់ផែយោធា របស់កម្ពុជា ហើយប្រសិនបើប្រទេសណាមួយចង់ចូលចត នៅកំពង់ផែយោធានេះ គឺត្រូវស្នើសុំការអនុញ្ញាតពីកម្ពុជាជាមុនសិន។

អំឡុងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន, លោក វ៉ា យី បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនអំឡុងពេលនៃរីករាលដាលជំងឺកូវីដ១៩ កាលពីខែកុម្ភៈកន្លងទៅ ដែលលោកចាត់ទុកថា ជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងសណ្តានចិត្តដ៏ល្អប្រសើររបស់ សម្តេចចំពោះប្រជាជន និងរដ្ឋាភិបាលចិន ហើយក៏ឆ្លុះបញ្ចាំងអំពីភាពស្និទ្ធស្នាល និងភាពរឹងមាំ អំពីទំនាក់ទំនងកម្ពុជា និងចិន ផងដែរ។

ប្រមុខការទូតចិនបានរាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែន អំពីជំនួបរបស់លោកជាមួយនឹង ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និង ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិស័យ និងមានភាពទូលំទូលាយ។ លោក អ៊ាង សុផល្លែត បានបញ្ជាក់ទៀតថា៖ «ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា កិច្ចពិភាក្សានេះបានឈានទៅដល់ការយល់ព្រមរវាងភាគីទាំងពីរថា នឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាការឆ្លើយតបក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់ ប្រធានាធិបតីចិន ស៊ី ជិនពីង លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន និងប្រជាជនចិន។ សម្តេចក៏បានថ្លែងអំណរគុណផងដែរ ចំពោះការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ចិនរបស់ លោក វ៉ាង យី។ សម្តេចក៏បានសម្តែងនូវការអបអរសាទរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង លោក វ៉ាង យី ជាមួយនឹងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏ដូចជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

«សម្តេចក៏មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ គឺមានសារសំខាន់ណាស់។ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជា និងចិន គឺនៅជារៀងរហូត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក អ៊ាង សុផល្លែត៕