(កំពង់ស្ពឺ)៖ ក្នុងឱកាសប្រជាពលរដ្ឋ បាននិងកំពុងចូលរួមប្រកបដោយសុទ្ធាជ្រះថ្លា ផ្ដើមជាអង្គកឋិនទាន ប្រមូលបច្ច័យ ត្រៃចីវរ និងគ្រឿងបរិក្ខារ ដង្ហែទៅកាន់ទីអារាមនានា ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បាននាំយកបច្ច័យជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយានាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា និងបច្ច័យរបស់លោកស្រីផ្ទាល់ ព្រមទាំងក្រុមគ្រួសារ ទៅចូលរួមអង្គកឋិនទាន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិគីរីរម្យ។

អង្គកឋិនទានសាមគ្គីនេះ ផ្តួចផ្តើមដោយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នុន្ទង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណា និងមហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដើម្បីប្រមូលបច្ច័យ និងត្រៃចីវរ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត ធម្មបណ្ឌិតគិរីរម្យ និងកសាងសមិទ្ធិផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងស្ថិតក្នុងឧទ្យានជាតិគីរីរម្យ ខេត្ដកំពង់ស្ពឺនេះ។

ពិធីបុណ្យកឋិនទាននេះ បានប្រារព្ធធ្វើតាមគន្លងប្រពៃណីព្រះពុទ្ធសានា ដោយនៅវេលាល្ងាចថ្ងៃ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ និមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនាលុះព្រឹកថ្ងៃ៩រោជ ខែ-ឆ្នាំដដែល ត្រូវនឹងថ្ងៃទី១១ ខែតុលា ជួបជុំអ្នកផ្តើមបុណ្យ និងពុទ្ធបរិស័ទជិតឆ្ងាយ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ប្រារព្ធពិធីដង្ហែអង្គកឋិនទានសាមគ្គី រួចវេរប្រគេន ព្រះសង្ឃក្រាលគ្រង តាមពុទ្ធានុញ្ញាតិ និងពុទ្ធបញ្ញាត្តិ។

បច្ច័យដែលប្រមូលបានពីអង្គកឋិនសាមគ្គីនេះ គឺមានចំនួន ២៨៥លាន ២សែន ៨ម៉ឺនរៀល ក្នុងនោះបច្ច័យជាសទ្ធាជ្រះថ្លា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន១០លានរៀល និងបច្ច័យលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ចំនួន៥លានរៀល។ បច្ច័យទាំងអស់នេះ តម្កល់ទុកកសាងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ជាពិសេសបន្តកសាង មហាប្រាសាទតម្កល់ព្រះត្រៃបិដក ដែលមានទទឹង២៧ម៉ែត្រ បណ្តោយ១០៨ម៉ែត្រ កំពស់៥៣ម៉ែត្រ ដែលកំពុងដំណើរការសាងសង់បានប្រមាណ៩០% ហើយ។

នាឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានសម្តែងនូវក្តីរីករាយ ដែលឃើញញាតិមិត្តពុទ្ធបរិស័ទ្ធជិតឆ្ងាយ រួមគ្នាធ្វើបុណ្យកឋិនទាននេះឡើង ដោយបានប្រមូលបច្ច័យបានរហូតជាង ២៨៥លានរៀល ដោយបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តជឿជាក់ និងគាំទ្រ រួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន បន្តកសាងសមិទ្ធផលក្នុងទីអារាមនេះ ក៍ដូចជាទូទាំងប្រទេសបន្ថែមទៀត។

ជាមួយគ្នានោះ មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានថ្លែងថា ការចូលរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា ដែលទុកជាសម្បត្ដិវប្បធម៌ជាតិ និងជាប្រវត្ដិសាស្ដ្រសម្រាប់កូនចៅជំនាន់ក្រោយ ។លើសពីនោះ សូមអគុណសន្ដិភាព បើអត់មានសន្ដិភាពទេ យើងក៏មិនអាចធ្វើបុណ្យនៅទីនេះបានដែរ។

មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានថ្លែងបន្ដថា មជ្ឈមណ្ឌលនេះ ត្រូវបានផ្តើមសាងសង់ នៅលើផ្ទៃដី ១២៦ហិកតា ដែលជាដីសម្បទាន ពីរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងចំណាយថវិកាខ្ទង់រាប់សិបលានដុល្លារ ដែលអាចចាត់ទុកថា គឺជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ដ៏ធំជាងគេបំផុតពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយនឹងក្លាយជាសម្បត្តិវប្បធម៌ របស់ជាតិដ៏ធំមួយនៅកម្ពុជា។ ការកសាងសំណង់ផ្សេងៗនេះ ដើម្បីលើកតម្កើង ព្រះពុទ្ធសាសនា ពិសេស ដើម្បីជាបុណ្យកុសល មនុស្សទូទៅ និងទុកជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិយើង។

តាមគម្រោង មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងត្រូវស្ថាបនាមហាប្រាសាទចំនួន៤ និងព្រះចុឡាមុនីចេតិយ៍មួយនៅចំកណ្ដាលមហាប្រាសាទទាំង៤ ដោយឡែកមហាប្រាសាទទី១ ដែលកំពុងធ្វើពិធីនេះ ចាប់ផ្ដើមសាងសង់កាលពីឆ្នាំ ២០១៥ គិតមកដល់ពេលនេះសម្រេចបាន៩០% ដែលគ្រោងចំណោយថវិកា ប្រមាណ៣លាន៥សែនដុល្លារ។ មហាឧបាសិកាធម្មបណ្ឌិត បានឲ្យដឹងទៀតថា បច្ចុប្បន្នមជ្ឈមណ្ឌលបាននិងកំពុងបន្តសា្ថបនាព្រះចុឡាមុនីចេតិយ៍ ដើម្បីតម្កល់ព្រះពុទ្ធរូបចំនួន៨៤,០០០ព្រះអង្គ ដែលសំណង់នេះមាន ទំហំ៣០០ម៉ែត្រក្រឡា មានថែវ៩ជាន់ កំពូលចំនួន២៩ តាមរចនាបទប្រាសាទអង្គរ។

ជាមួយនេះ មហាឧបាសិកា ក៏បានថ្លែងអំណរព្រះរាជគុណជាអនេកកប្បកា ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យរួមចំណែកក្នុងដំណើរការនៃការស្ថាបនាមជ្ឈមណ្ឌលនេះឡើង។

មហាឧបាសិកា ក៏សូមថ្លែងអំណរគុណ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមាតារបស់សម្តេច គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលនៅព្រះជន្ម បានបរិច្ចាគថវិកា ចូលរួមចំណែក ក្នុងការស្ថាបនា សំណង់ព្រះពុទ្ធសានាដ៏ស្កឹមស្កៃនេះឡើង ទុកជាសម្បត្តិគរុភណ្ឌរបស់ជាតិ ជាយូរអង្វែងតរៀងទៅ។

ទន្ទឹមនឹងនោះ មហាឧបាសិកា បានថ្លែងអំណរគុណចំពោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ ព្រមទាំងញាតិព្រះធម៌ ដែលបានរួមគ្នាលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ សូមទទួលបាននូវកុសលផលបុណ្យគ្រប់ៗគ្នា៕