(បន្ទាយមានជ័យ)៖ ថ្លែងនៅក្នុងឱកាសបិទវគ្គអប់រំនយោបាយដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ ខែតុលា ប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបំពេញភារកិច្ចជាប្រវត្តិសាស្រ្តនានាប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមធំៗយ៉ាងច្រើន ក្នុងពេលតែមួយ និងបានការពារយ៉ាងជោគជ័យការរស់ឡើងវិញរបស់របបប្រល័យពូជសាសន៍ប៉ុលពត។

ប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ បានលើកឡើងទៀតថា បច្ចុប្បន្នសង្គមជាតិកម្ពុជានៅតែបន្តវិវត្តតាមទិសដៅវិជ្ជមានដែលឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈ ប្រក្រតីភាព នៃដំណើរការសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ការងារជាអាទិភាពចម្បង២ កំពុងត្រូវបានអនុវត្តប្រកបដោយភាពម្ចាស់ការ ម៉ត់ចត់ ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនោះរួមមាន៖

* ទី១៖ ការរក្សាបាននូវស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងសភាពការណ៍
* ទី២៖ ការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អប្រសើរ ទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញ។

លោក អ៊ុំ រាត្រី បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចតេជោបានខិតខំពុះពារ ឆ្លងកាត់រាល់ឧបសគ្គ បង្កើតនូវសុខសន្តិភាពតាមរយៈនយោបាយ ឈ្នះឈ្នះ និងគុណតម្លៃនៃសន្តិភាព ដែលបានបង្កើតនូវសម្មទិផលជាច្រើនក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមក ព្រមទាំងបានប្តេជ្ញាពង្រឹងការពារឯកភាពជាតិ និងសាមគ្គីជាតិប្ដេជ្ញាដាច់ខាត ការពារសន្តិភាពឱ្យនៅស្ថិតស្ថេរ រឹងមាំគង់វង្សជានិច្ច៕