(ភ្នំពេញ)៖ កម្ពុជា និងចិន បានចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់មុនរបស់រដ្ឋាភិបាលចិន។ ការភ្ជាប់ទំនាក់ទំនងនេះ បន្ទាប់ពីមានជំនួបរវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង លោក ចូវ អ៉ីនឡាយ នៅក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលចូលរួមសន្និសីទមិនចូលបក្សសម្ព័ន្ធនាខែមេសា ឆ្នាំ១៩៥៥។

ចំណងទាក់ទងការទូតរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសកម្ពុជា និងចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយគ្នាលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបានសមិទ្ធផលយ៉ាងច្រើនទៀតផង ។

សម្តេច នរោត្តម សីហនុ ស្ថាបនិកទំនាក់ទំនងកម្ពុជា-ចិន គឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលបំផុតរបស់ប្រជាជនចិន។ ថ្នាក់ដឹកនាំជំនាន់មុនៗរបស់ចិន ជាច្រើនរូបសុទ្ធតែបានរឹតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយនឹង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដោយបានរួមវិភាគទានដែលមិនអាចបំភ្លេចបាន ក្នុងការបណ្តុះបណ្តាលបុព្វហេតុមិត្តភាពរវាងប្រទេសកម្ពុជា និងចិន។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានប្រកាន់ខ្ជាប់នូវគោលនយោបាយ រាប់អានជាមួយប្រទេសចិន ព្រមទាំងបានគង់ប្រថាប់ក្នុងប្រទេសចិនអស់រយៈពេលជាយូរផងដែរ។

បើទោះបីស្ថាបនិកទំនាក់ទំនងកម្ពុជា-ចិន ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានសោយទិវង្គតលើទឹកដីមិត្តចិន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ទៅហើយក្តី តែទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានគេលើកឡើងថា ជាទំនាក់ទំនងស្អិតល្មួតចាក់ទឹកមិនលិចនេះ នៅតែបន្តតាមព្រះរាជតម្រិះរបស់សម្តេច សីហនុ តរៀងមក។

រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ១៩៩៧។ ជាពិសេសក្រោយពេលមានដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលប្រសិទ្ធនាមថាបុរសខ្លាំងកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ១៩៩៩។

ផ្តើមចេញពីដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិន។ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-ចិន តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាញឹកញាប់។ នៅខែធ្នូ ឆ្នាំ២០១០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយប្រទេសទាំងពីរ បានបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ការប្រាស្រ័យទាក់ទងគ្នាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក រួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និងអាស៊ាន ព្រមទាំងសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

ជាកត្តាសត្យានុម័តមិនអាចប្រកែកបាននោះឡើយទំនាក់ទំនងរវាងប្រទេសមួយ និងប្រទេសមួយទៀត សុទ្ធតែសម្លឹងជាចម្បងទៅលើផលប្រយោជន៍ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ ទំនាក់ទំនងរវាងកម្ពុជា និងចិន ក៏ដូច្នោះដែរ តាមរយៈទំនាក់ទំនងដ៏ស្អិតល្មួតនេះ បានហុចផលជាផ្លែផ្កាច្រើនសម្រាប់ជាតិ និងប្រជាជនទាំងពីរ។

តើកម្ពុជាទទួលបានផ្លែផ្កាអ្វីខ្លះក្នុងទំនាក់ទំនងជាមួយចិនជាង ៦០ឆ្នាំមកនេះ?

* ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ៖ ហេដ្ឋារចនាសម្ព័ន្ធជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានជាសរសៃឈាមដ៏សំខាន់របស់កម្ពុជា ក្នុងតភ្ជាប់ផ្ទៃក្នុងប្រទេស ជំរុញសេដ្ឋកិច្ច និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ចាប់តាំងពីក្រោយឆ្នាំ១៩៩៨ ពេលដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនោះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានបោះពួយយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ខ្លួនកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងប្រទាក់ក្រឡាគ្នាពីរាជធានីភ្នំពេញ ទៅកាន់តាមបណ្តាខេត្ត។ បច្ចុប្បន្នកំពុងចាប់ផ្តើមលើកម្ពស់គុណភាពផ្លូវ និងពង្រីកផ្លូវឱ្យកាន់តែធំថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច និងកំណើនចរាចរណ៍លើដងវិថី។

ប្រទេសចិន បានក្លាយទៅជាប្រទេសដ៏ធំមួយ ដែលបានជួយសម្រេចមហិច្ឆតាក្នុងការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននេះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យ Fresh News ដឹងថា មកដល់បច្ចុប្បន្នគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ខ្សែ មានប្រវែងសរុប ២,៧៧៩គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៦៣៦លានដុល្លារអាមេរិក។ គម្រោងកំពុងសាងសង់មានចំនួន ០៥ខ្សែ មានប្រវែងប្រមាណ ៤៩៧.២០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៧៥៨,៨៣លានដុល្លារអាមេរិក។

ដោយឡែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ០៨ស្ពាន មានប្រវែងសរុប ៧,៤៣៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២៣៣លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ ដូចជាស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម មានប្រវែងសរុប ២,១២៧ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១៣លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណជា ២,៧៤១លានដុល្លារអាមេរិក។

ឆ្លើយតបនឹងការរិះគន់មួយចំនួនថា រាជរដ្ឋាភិបាលរណបចិន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ក្នុងសប្តាហ៍កន្លងទៅ បានចោទជាសំណួរថា ប្រសិនបើគ្មានចិន តើមានប្រទេសណាជួយសម្រេចផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។

* ការអភិវឌ្ឍជនបទ៖ កម្ពុជា ជាប្រទេសងើបចេញពីភ្លើងសង្គ្រាម ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍កិច្ចការអភិវឌ្ឍន៍នៅទីជនបទ ដើម្បីជួយលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក៏ជារឿងចាំបាច់ផងដែរ។ ប្រទេសចិន ក៏បានរួមចំណែកជាច្រើនដល់កិច្ចការអភិវឌ្ឍន៍ជនបទរបស់កម្ពុជា។

ក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជំនួយហិរញ្ញប្បទានពីរដ្ឋាភិបាលចិនចំនួន២លើក ដោយគិតជាទឹកប្រាក់ប្រមាណ ៨៣លានដុល្លារអាម៉េរិក។ តាមរយៈជំនួយនេះ ក្រសួងអភិវឌ្ឍន៍ជនបទយកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទរួមមានផ្លូវលំជនបទ ប្រឡាយទឹក ស្រះទឹក អណ្ដូងទឹក អប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ អនាម័យ និងទឹកស្អាតជាដើម។

* ធារាសាស្ត្រ៖ កម្ពុជា ជាប្រទេសពឹងអាស្រ័យមួយភាគធំលើវិស័យកសិកម្ម។ ដើម្បីវិស័យកសិកម្មអាចចម្រើនលូតលាស់បាន ប្រព័ន្ធធារាសាស្ត្រដើរតួសំខាន់មិនអាចខ្វះបាននោះឡើយ។ រាជរដ្ឋាភិបាល បានប្រឹងប្រែងកសាងប្រព័ន្ធធារាសាស្ត្រជាច្រើន មានដូចទំនប់ទឹក និងប្រឡាយបង្ហូរទឹកជាដើម ដើម្បីទាញយកទឹកបម្រើដល់ការស្រោចស្រប់ផលដំណាំរបស់កសិករ។

ប្រទេសចិន ក៏បានរួមចំណែកដល់ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះផងដែរ។ បើតាមក្រសួងធនធាន និងឧតុនិយម បានឱ្យដឹងថា គិតពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ រដ្ឋាភិបាលចិនបានផ្ដល់កម្ចីការប្រាក់ទាបក្នុងការកសាង ស្ដារប្រឡាយមេធំ ប្រឡាយមេ ប្រឡាយរំដោះទឹកមេ ប្រឡាយរំដោះទឹករង ប្រឡាយនាំទឹក និងអាងស្ដុកទឹកជាដើម គិតជាទឹកប្រាក់ប្រមាណ ៩០០លានដុល្លារអាមេរិក។ ការកសាង និងស្ដារ ប្រព័ន្ធផ្គត់ទឹក សម្រាប់បម្រើដល់វិស័យកសិកម្មនៅកម្ពុជា ដែលទទួលបានកម្ចីពីចិន មានប្រវែងសរុបជាង ១,៤០០គីឡូម៉ែត្រ។

* អប់រំ៖ ការងារអប់រំ ក៏ជាកិច្ចការអាទិភាពមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីសម្រេចផែនការអភិវឌ្ឍជំរុញប្រទេសក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ការបង្កើនធនធានមនុស្សប្រកបដោយសក្តានុពលខ្ពស់ជារឿងមិនអាចមើលរំលងនោះឡើយ។

ប្រទេសចិន ក៏បានរួមចំណែកបណ្តុះបណ្តាលអភិវឌ្ឍន៍សមត្ថភាពនិស្សិតកម្ពុជាបានជាច្រើនផងដែរ តាមរយៈផ្តល់អាហារូបករណ៍ ផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា ទៅបង្កើនសមត្ថភាពចំណេះដឹងរបស់ពួកគេនៅក្នុងសាលាល្បីៗរបស់ចិន។ របាយការណ៍បានបង្ហាញថា គិតពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩ និស្សិតកម្ពុជាជាង ៣ពាន់នាក់ បានបញ្ចប់ការសិក្សា និងកំពុងបន្តការសិក្សានៅក្នុងប្រទេសចិន។

និស្សិតបញ្ចប់ការសិក្សានៅប្រទេស ខ្លះបានបម្រើការងារជាមន្ត្រីរាជការ និងខ្លះទៀតបានយកចំណេះជំនាញរបស់ពួកគេទៅបម្រើការងារនៅតាមវិស័យឯកជននានា។

* ពាណិជ្ជកម្ម និងវិនិយោគ៖ ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាដង្ហើមដ៏ចាំបាច់ និងសំខាន់បំផុត សម្រាប់ជំរុញខឿនសេដ្ឋកិច្ចបណ្តាប្រទេសនីមួយៗ។ ប្រទេសមួយមិនអាចរីកចម្រើនលូតលាស់ទៅមុខបានឡើយ ប្រសិនបើមិនមានការធ្វើពាណិជ្ជកម្ម និងវិនិយោគទេនោះ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានគិតជាចាំបាច់សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនេះ។ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្រៅតែជំរុញខឿនសេដ្ឋកិច្ចហើយនោះ ក៏បានដោះស្រាយការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។

តាមរយៈការធ្វើទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិននោះ ប្រទេសចិន បានក្លាយទៅជាដៃគូពាណិជ្ជកម្ម និងការវិនិយោគពីបរទេសឈរនៅលំដាប់កំពូលសម្រាប់កម្ពុជា។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានចំនួនសរុបប្រមាណ ៦.៥ពាន់លានដុល្លារ កើនឡើង ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥.៦ពាន់លានដុល្លារ។

នៅក្នុងឆ្នាំ២០១៩កន្លងទៅ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរកើនឡើងដល់ចំនួន ៨.២ពាន់លានដុល្លារ ដែលកើនឡើងលើសឆ្នាំ២០១៨ ដល់ទៅប្រមាណ ២៧ភាគរយ។ កម្ពុជា និងចិន មានមហិច្ឆតាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើងដល់ ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣។

ផ្លែផ្កាដ៏សំខាន់ និងជាគន្លឹះដ៏ចាំបាច់មួយទៀតសម្រាប់ជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងចិននេះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលនឹងចុះហត្ថលេខាជាផ្លូវក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងបើកផ្លូវឱ្យកម្ពុជា នាំចេញទំនិញប្រមាណ ៩៥ភាគរយ ទៅកាន់ប្រទេសចិន ដោយមិនគិតពន្ធ ក្នុងចំណោមទំនិញជាង ៣៤០មុខទំនិញ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងជំរុញឱ្យការនាំទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន កើនឡើងប្រមាណ ២៥ភាគរយបន្ថែមទៀត។

ប្រទេសចិន ក៏ជាប្រទេសដែលបានវិនិយោគធំជាងនៅក្នុងប្រទេសកម្ពុជាផងដែរ ទៅលើវិស័យជាច្រើនមានដូចជាឧស្សាហកម្ម កសិកម្ម និងសំណង់ជាដើម។ មកដល់ពេលបច្ចុប្បន្នទឹកប្រាក់វិនិយោគដោយផ្ទាល់របស់ប្រទេសចិននៅកម្ពុជា មានជាង ១ម៉ឺនលានដុល្លារអាមេរិកហើយ។

* វិស័យសុខាភិបាល៖ ដើម្បីលើកកម្ពស់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខុមាលភាពខ្ពស់ រាជរដ្ឋាភិបាលក៏បានគិតគូពង្រឹងជាសំខាន់ទៅលើវិស័យសុខាភិបាលផងដែរ។ ប្រទេសចិន ក៏បានរួមចំណែកច្រើនក្នុងវិស័យសុខាភិបាលនេះផងដែរ ដូចជាបរិក្ខារពេទ្យ រថយន្តសង្គ្រោះ និងបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលរបស់កម្ពុជាជាដើម។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានថ្លែងឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៩កន្លងទៅ ចិនបានផ្តល់ជំនួយដល់វិស័យសុខាភិបាលដូចជា រថយន្តគ្លីនិចចល័តចំនួន ៤០គ្រឿង រថយន្តសង្គ្រោះបន្ទាន់២០០គ្រឿង និងម៉ាស៊ីអេកូសាស្ត្រ ២០០គ្រឿង។

ក្រៅតែពីជំនួយទាំងនេះ ប្រទេសចិន ក៏បានផ្តល់ជំនួយសាងសង់អគារមន្ទីរពេទ្យដ៏ធំមួយនៅក្នុងខេត្តត្បូងឃ្មុំ ដោយចំណាយថវិកាជាង ៤៥លានដុល្លារអាមេរិក និងអគារមន្ទីរពេទ្យព្រះកុសមៈតម្លៃប្រមាណជា ៨២លានដុល្លារអាមេរិក។ ការសាងសង់មន្ទីរពេទ្យទាំងពីរនេះ ជាការឆ្លើយតបដ៏ចាំបាច់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា។

ក្រៅតែពីសមិទ្ធផលដែលបានគូសបង្ហាញខាងលើហើយនោះ ទំនាក់ទំនងស្អិតល្មួតចាក់ទឹកមិនលិចនេះ កម្ពុជា និងចិន តែងតែបានគាំទ្រគ្នាទៅវិញនូវគោលនយោបាយអន្តរជាតិផ្សេងៗទាំងនៅក្នុងថ្នាក់តំបន់ និងលើឆាកអន្តរជាតិផងដែរ៕

ដោយ៖ វ៉ាន់ សារាយ