(ភ្នំពេញ)៖ ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន កាលពីម្សិលមិញ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសន្យាថានឹងផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសកម្ពុជា។

ជំនួបនេះបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលជាទីដែល លោក វ៉ាង យី ស្នាក់នៅអំឡុងពេលទស្សនកិច្ចរយៈពេល២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបរវាងភាគីទាំងពី លោកឧ ហោ ណាំហុង បានស្នើភាគីមិត្តចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិនក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឲ្យបានច្រើន ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍កសិកម្ម។ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីករណីវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលអាចប្រើប្រាស់ជាផ្លូវការបាន និងស្នើភាគីមិត្តចិនផ្តល់វ៉ាក់សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក វ៉ាង យី បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅអំឡុងពេលដែលចិនកំពុងរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លា។ លោកបានបន្តថា ក្រោយ Covid-19 ចិន និងកម្ពុជា នឹងរៀបចំផែនការអភិវឌ្ឍរួមគ្នា ហើយវិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយ Covid-19 ទេ តែកាន់តែមានច្រើនឡើង។

ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩វិញ លោកបញ្ជាក់ថា ចិននឹងផ្ដល់វ៉ាក់សាំងនេះ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប។ ជាមួយគ្នានេះ លោកសន្យានាំចូលកសិផលកម្ពុជាថែមទៀត ដែលមានគុណភាព តាមសំណើរបស់កម្ពុជា។ ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ចិនក៏បានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល ស្នើឱ្យកម្ពុជាគាំទ្រផងដែរ។

បន្ថែមពីនេះ ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, លោក វ៉ាង យី ក៏បានលើកសរសើរសម្ដេចតេជោ ដែលបានទប់ស្កាត់ Covid-19 បានជោគជ័យ។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានិងចិន បានទទួលជោគជ័យរួមក្នុងការទប់ស្កាត់ Covid-19។

គួររំលឹកថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) បានសន្យាថា វ៉ាក់សាំងដែលបានអភិវឌ្ឍន៍ឡើងដោយប្រទេសចិន នឹងត្រូវចែកចាយជាសាធារណៈដល់សកលលោក ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងប៉េកាំងបានបញ្ជូនសញ្ញាវិជ្ជមានថា ខ្លួនសម្រេចចិត្តចូលរួមក្នុងកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។

រហូតមកទល់ពេលនេះកម្មវិធី COVAX ដែលស្ថិតក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងសម្ព័ន្ធភាពអន្តរជាតិ GAVI និង CEPI មានវ៉ាក់សាំងចំនួន០៩ ហើយកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងវ៉ាក់សាំងចំនួន ០៩ផ្សេងទៀតកំពុងស្ថិតនៅក្នុងការវាយតម្លៃនៅឡើយ ថែមទាំងមានគោលដៅក្នុងការផលិតឲ្យបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន ២ពាន់លានដូសនៅឆ្នាំ២០២១ខាងមុខនេះ៕