(កំពង់ស្ពឺ)៖ ក្នុងពិធីដង្ហែអង្គកឋិនទាន ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងពុទ្ធសីមាវត្តតេជៈភ្នំស្រង់ ស្ថិតនៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១១ ខែតុលា ម្សិលមិញ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ព្រមទាំងសប្បុរសជនបានឧត្ថម្ភថវិកាមួយចំនួនដល់ក្រុមប្រតិបត្តិការចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ នៅយោធភូមិភាគទី៥ ពិសេសក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

សប្បុរសជន ដែលបានឧត្ថម្ភចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនទាំងនោះរួមមាន៖ លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផានអ៊ីម៉ិច, លោក តាំង គឹមថុង ព្រមទាំងក្រុមគ្រួសារ, លោក ឈុន ស៊ីរុន និងលោកភរិយា និងលោក ឈុន ស៊ីរុន និងលោកភរិយា។

ជាមួយគ្នានេះដែរ លោក ឈុន ស៊ីរុន និងលោកភរិយា បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល និង ២,៧៥០ដុល្លារ សម្រាប់ជួយឧត្ថម្ភដល់ក្រុមប្រតិបត្តិការចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ នៅយោធភូមិភាគទី៥ ពិសេសក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានថ្លែងថា ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស៩១១ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសណ្តានចិត្តសប្បុរសធម៌ របស់លោក លោកស្រី ដែលបានរួមចំណែកលើវិស័យមនុស្សធម៌។

គួរជម្រាបថា កងកម្លាំងយោធាក្នុងអង្គភាព៩១១ ចំនួន ១០០នាក់ ត្រូវបានបញ្ចូនទៅកាន់យោធភូមិភាគទី ៥ ជាមួយនឹងរថយន្ត ៦គ្រឿង ព្រមទាំងសម្ភារ ជាមធ្យោបាយសង្គ្រោះបន្ទាន់ មានទូក អូប័រ អាវពោងមួយកំប្លេគ្រប់គ្នាៗ ដែលជាកម្លាំងបន្ថែមទៀតអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ភាគពាយ័ព្យនៃទិសយោធភូមិភាគទី៥។

សូមបញ្ជាក់ថា កម្លាំងយោធាអង្គភាព៩១១ បានធ្វើដំណើរមកដល់អង្គភាពយោធភូមិភាគទី៥ នៅវេលាម៉ោង១១យប់ថ្ងៃទី១០ ខែតុលាឆ្នាំ២០២០៕