(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក ព្រមទាំងមន្រ្តីសង្ឃក្នុងស្រុកតាំងគោក បាននិមន្តចុះ និងចុះសាកសួរសុខទុក្ខបងប្អូន ដែលរងផលប៉ះពាល់ដោយទឹកភ្លៀងជន់លិច និងទីទ័លក្រ មានជំងឺ នៅភូមិស្វាយភ្លើង ឃុំស្វាយភ្លើង នាល្ងាចថ្ងៃអាទិត្យ ០៩រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។

នៅក្នុងឱកាសនោះផងដែរព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក បានសម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយ ដែលឃើញថ្នាក់ដឹកនាំស្រុកយកចឹត្តទុក្ខដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយលោកតែងតែចុះជាប់នឹងនៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ជាក់ស្តែងពេលនេះជាដើម ដែលបងប្អូនកំពុងជួបផលលំបាកដោយសារទឹកភ្លៀងលិចលង់ លោកមិនព្រងើយកន្តើយដឹកនាំសហការី ដើម្បីជួយអន្តរាគមន៍ ដល់បងប្អូនទាន់ពេលវេលា។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងអំណរគុណដល់ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក និងព្រះគ្រូសីលមុនីវង្ស តន់ ពិសី ព្រះចៅអធិការវត្តគុហនគរ ព្រមទាំងមន្រ្តីសង្ឃដែលជានិច្ចជាកាល ព្រះគ្រូបាននាំយកអំណោយ របស់ព្រះគ្រូចូលរួមជាមួយរដ្ឋបាលស្រុក ដើម្បីធ្វើការងារមនុស្សធម៌នៅក្នុងស្រុកតាំងគោក។

លោកអភិបាលក៏បានពាំនាំ នូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចមានការសោកស្តាយ នូវបាតុភូតធម្មជាតិមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ បង្កឲ្យមានជន់លិចដំណាំរបស់បងប្អូនមួយចំនួន។

លោកបន្តទៀតថា តាមការចង្អុលបង្ហាញរបស់លោកបណ្ឌិត ងួន ញ៉ិល លោកបណ្ឌិត ថោង ខុន និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលលោកតែងតែក្រើនរំលឹកឲ្យមន្ត្រីចុះជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋជួយអន្តរាគមន៍ សង្រ្គោះបងប្អូនឲ្យទាន់ពេលវេលា។

លោកលើកឡើងថា អំណោយទាំងនេះអាចជំនួយផ្គត់ផ្គង់ជីវភាពលោកយាយ លោកតាបានមួយរយ:ពេលខ្លីតែប៉ុណ្ណោះ តែក៏អាចសម្រាល់ទុក្ខលំបាកបងប្អូនបានមួយគ្រា។ លោកសំណូមពរឲ្យបងប្អូនប្រុងប្រយ័ត្ន ចំពោះក្មេងតូចៗនៅពេលលេងទឹកដែលបង្កគ្រោះថ្នាក់ ដោយយថាហេតុ ប្រុងប្រយ័ត្នចំពោះខ្សែភ្លើងខ្លាចឆ្លងចរន្តអគ្គីនីនៅពេលប៉ះទឹក។

លោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា គ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ ទោះបីជានៅក្នុងសហគមន៍យើង មិនមានអ្នកឆ្លងយ៉ាងណាក៏ដោយ ក៏ពុកម៉ែបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំ របស់ក្រសួងសុខភិបាលអោយបានជាប្រចាំ។ត្រូវគោរពច្បាប់ចរាចរណ៌ ដោយធ្វើដំណើរពាក់មួកសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់បាត់បង់ប្រយោជន៌បងប្អូន។

សូមបញ្ជាក់ផងដែរថា បងប្អូនរងផលប៉ះពាល់ចំនួន ២០គ្រួសារ ដោយមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកបរិសុទ្ធ ១ប៊ីដុង និងប្រាក់ចំនួន ១០០ ០០០រៀល ប្រជាពលរដ្ឋទីទ័លក្រ មានជំងឺ ចំនួន ៧គ្រួសារ មួយគ្រួសារៗទទួលបាន អង្ករ ២៥គក្រ និងប្រាក់ចំនួន១០០ ០០០រៀល៕