(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា និងនិស្សិតថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំជាផ្លូវការនូវកម្មវិធី ដែលមានឈ្មោះថា «អបអរបុណ្យចូលឆ្នាំចិន»។

កម្មវិធីនេះ បានប្រារព្ធធ្វើឡើង ក្នុងគោលបំណង ដើម្បីបង្កើតបរិយាកាសល្អ សម្រាប់ការសិក្សាភាសារចិន និងធ្វើឱ្យប្រសើរឡើងនូវកម្រិត នៃភាពរីករាយរបស់និស្សិត ក្នុងការសិក្សាភាសាចិន  បង្កើតវេទិកាសិក្សាភាសាចិនរួមគ្នា ដើម្បីការរីកចម្រើនរួមគ្នា ធ្វើឲ្យនិស្សិតកាន់តែយល់ច្បាស់បន្ថែមទៀត អំពីវប្បធម៌នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិចិន  បង្កើនការលើកទឹកចិត្ត និងចំណាប់អារម្មណ៍ របស់និស្សិតក្នុងការសិក្សាភាសាចិន។

ជាកិច្ចបើកកម្មវិធី លោកបណ្ឌិត ជា សុភាព សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ថ្លែងអំណរគុណដល់វិទ្យាស្ថាន ខុង ជី ដែលបានប្រារព្ធនៅកម្មវិធីនេះឡើង ដើម្បីបានយល់ច្បាស់ពីប្រវត្តិសាស្រ្តរបស់ ប្រទេសចិន អោយកាន់តែច្បាស់ថែមទៀត។

លោក បណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា រយៈពេល៦ឆ្នាំនេះ ដោយទទួលបានបារមីពីលោកបណ្ឌិត ឌួង លាង ទើបថ្នាក់រៀនភាសាចិន ទទួលបាននូវការរីកចម្រើន រួមផ្សំជាមួយបទពិសោធន៍ របស់វិទ្យាស្ថាន និស្សិតទទួលបាននូវការសិក្សាភាសាចិន ប្រកបដោយគុណភាព និងមានឱកាសការងារ។

លើសពីនេះ វិទ្យាស្ថានបានផ្តល់អាហារូបករណ៍ ជូនដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនិងនិស្សិត របស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាច្រើនរយនាក់ទៀត បានទៅបំពេញទស្សនកិច្ចសិក្សា និងទៅបន្តការសិក្សានៅប្រទេសចិន។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏បានពង្រីកចំណេះដឹងភាសាចិន និងបង្កើនភាពក្លាហាន និងការយល់ដឹងរបស់និស្សិតដេប៉ាតឺម៉ង់ អក្សរសាស្រ្តចិន នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបផងដែរ។

និស្សិតថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិន សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប គ្រប់ថ្នាក់ច្រៀងបទចម្រៀង «GONG XI FA CAI» រួមគ្នា ព្រមទាំងលោកគ្រូ ZHANG WEN FENG និងអ្នកគ្រូ CUI YING HUA … ធ្វើការសំដែងក្បាច់កុងហ្វូ ដើម្បីអោយភ្ញៀវកិត្តិយសទាំងអស់ ក៏ដូចជា លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ដែលនៅអង្គុយទស្សនា ទទួលអារម្មណ៍កាន់តែជ្រៅពី «រចនាបទវប្បធម៌របស់ចិន» ក្នុងគោលបំណងដើម្បីជំរុញ ភាពរីករាយរបស់និស្សិតបរិញ្ញាបត្រ អក្សរសាស្ត្រចិន ក្នុងការសិក្សាភាសាចិន។ កម្មវិធីថ្ងៃនេះក៏មានការលើកទឹកចិត្ត ជាពិសេសសម្រាប់និស្សិតឆ្នើម ក្នុងឆមាសនេះ ដែលទទួលបានចំណាត់ថ្នាក់ មានដូចជា  QIU WENXIAN ។ល។

ជាមួយគ្នានេះ មានកម្មវិធីលេងល្បែងកំសាន្ត «សាមគ្គី សាមគ្គី» «កំចាត់ចេញគ្រប់ឧបសគ្គ» «ដំណើរការរលូន» «មាសប្រាក់ពេញហោប៉ៅ» និងល្បែងកំសាន្តដ៏សប្បាសរីករាយផ្សេងៗទៀត និងទាក់ទាញនិស្សិតជាច្រើន ចូលរួមលេងយ៉ាងសកម្ម «សុខសន្តិភាព» «សាមគ្គីជំរុញទៅមុខ» «រួមកម្លាំងសាមគ្គី» និងល្បែងកំសាន្តជាលក្ខណៈ សមូហភាពផ្សេងទៀតទាំងអស់គ្នា សហការដោយស្មោះ រួមចិត្តតែមួយ អស់សំណើចគ្រប់ពេល៕