(ភ្នំពេញ)៖​ ដោយសារតែទឹកភ្លៀងជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានសម្រេចបញ្ជាឲ្យបិទមហាវិថី​ ៣៧១​ ទាំងស្រុងចាប់ពីយប់នេះតទៅ​ ដើម្បីបូមទឹកនៅចំណុចស្ថានីយបឹងទំពុន ធ្វេីយ៉ាងរំដោះទឹកដែលបានជន់លិចឲ្យបានឆាប់រហ័សតាមដែលអាចធ្វេីទៅបាន។

រដ្ឋបាលរាជធានីភ្នំពេញក៏បានសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ​ និងអ្នកធ្វេីដំណេីរទាំងឡាយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវ៣៧១ ត្រង់ចំណុចស្ថានីយបូមទឹកបឹងទំពុននេះ​ សូមមេត្តាធ្វើដំណើរវាងដោយអនុគ្រោះ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយបូមទឹកបឹងទំពុងឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ​។ រថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។

អាជ្ញាធររាជធានីភ្នំពេញបានដាក់ម៉ាស៉ីនបូមទឹកចល័តចំនួន​ ៦​ គ្រឿង ដើម្បីបូមទឹកនៅចំណុចស្ថានីយបឹងទំពុន រំដោះទឹកដែលបានជន់លិច។ រហូតមកដល់ពេលនេះ អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធនៅតែកំពុងខិតខំដោះស្រាយបញ្ហាទឹកជន់លិចនេះជូនប្រជាពលរដ្ឋជាបន្ទាន់។

គួរជម្រាបថា រហូតមកដល់ពេលនេះ មានតំបន់ជាច្រើនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កំពុងរង់ការវាយប្រហារដោយជំនន់ទឹកភ្លៀង។ តំបន់រង្វង់មូលចោមចៅ និងអូឌឹម ស្ថិតក្នុងខណ្ឌកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក៏កំពុងរងលការជន់លិច និងស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ៕