(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានកត់សម្គាល់ពីស្ថានភាពហក់ឡើងនៃគ្រោះទឹកជំនន់ដែលកំពុងយាយីនៅតាមតំបន់មួយចំនួននៅកម្ពុជា ក្នុងស្ថានភាពនេះ ស.ស.យ.ក. ក៏បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៅតាមទីតាំងរងគ្រោះផ្ទាល់ ដែលបានចូលរួមជាមួយអាជ្ញាធរ ដើម្បីជួយសម្រាលទុក្ខលំបាក ក៏ដូចជាជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុុវត្ថិភាព។

បេីតាមការបញ្ជាក់របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បើទោះស្ថានការណ៍មកដល់ពេលនេះ ស្ថិតក្នុងការគ្រប់គ្រងបានយ៉ាងណាក៏ដោយ ស.ស.យ.ក. កំពុងបន្តធ្វើការតាមដាន និងវាយតម្លៃដោយយកចិត្តទុកដាក់បំផុតពីស្ថានភាពទាំងអស់នោះ ជាមួយនឹងការស្វះស្វែងកៀរគរការឧបត្ថមជាបន្តបន្ទាប់ពីវិស័យឯកជន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយផលលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាអាសន្ននេះ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងអំណរគុណដល់សមាជិក សមាជិកា ដែលបានចូលរួមក្នុងកិច្ចការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ និងសូមបន្តចូលរួមតាមលទ្ធភាពដែលអាចធ្វើបាន សំដៅធ្វើយ៉ាងណាបញ្ចៀសឲ្យបាននូវផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ៕