(ភ្នំពេញ)៖ នៅវេលាម៉ោង ៨យប់ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ក្រសួងធនធានទឹក បានឲ្យដឹងថា ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងទាំងយប់នេះ លោករដ្ឋមន្រ្តីបានណែនាំបន្ថែមដល់ការងារបច្ចេកទេសឲ្យយកបាវខ្សាច់មករៀបលើខ្នងទំនប់កម្ពស់ ០,៥០ម៉ែត្រ ដើម្បីលើកកម្ពស់ខ្នងទំនប់បន្ថែម បង្ការលំហូរទឹកពីលើខ្នងទំនប់ដែលអាចបង្កឲ្យមានលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋនៅប៉ែកខាងក្រោម។

សូមបញ្ជាក់ថា ស្ថានភាពទឹកនៅបន្តឡើងបន្ថែមទៀត តែមិនទាន់មានអ្វីដែលជាការយាយីដល់រាជធានីភ្នំពេញនៅឡើយទេ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានធ្វើការបិតរូងនាគជាច្រើនកន្លែងនៅតាមខ្នងទំនប់ និងយាមប្រចាំការ ២៤ម៉ោងលើ២៤ ម៉ោងអស់រយៈពេល១សប្តាហ៍មកហើយ។

ជាសំណូមពររបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដល់ស្ថាប័នដែលកំពុងធ្វើការដ្ឋាន ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋយើង សូមមេត្តារក្សានូវទំហំ ឬច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ៕