(ភ្នំពេញ)៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន នៅសណ្ឋាគារសូហ្វីតែល ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ។

លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះប្រទេសកម្ពុជា នៅវេលាម៉ោង៥៖០០នាទីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

អំឡុងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ក្រៅពីជួបពិភាក្សាជាមួយ លោក ហោ ណាំហុង, ប្រមុខការទូតចិនរូបនេះ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានជំនួបប្រជុំផ្លូវការជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី ក៏នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់០២ទៀត រួមមាន៖ លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

លោក វ៉ាង យី បានក្លាយជារដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្តទី២ហើយ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ក្នុងបរិបទនៃការយាយីដោយជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០។ ភ្ញៀវបរទេសទី១ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា គឺលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែសីហា កន្លងទៅនេះ។

ក្រសួងការបរទេសកម្ពុជា បានបង្ហាញការកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕