(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានចេញសេចេក្តីជូនដំណឹងមួយដល់សាធារណជនឲ្យបានជ្រាបថា ស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន ដែលកន្លងមកទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតមកហើយនោះ និងគួបផ្សំនៅយប់ថ្ងៃនេះព្យុះទី១៥ ឈ្មោះ លីនហ្វា (LINFA) បាននិងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាក់សេប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងបង្កឲ្យ៖

ទី១៖ ទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់។
ទី២៖ រីឯទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងហក់ឡើងបន្តិច តែការហក់ឡើងនេះស្ថិតនៅទាបជាងកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប៕