(បាត់ដំបង)៖ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះថា ទឹកស្ទឹងសង្កែ បានហក់ឡើងរហូតដល់កម្ពស់១៤.២ម៉ែត្រ ហើយកម្ពស់ទឹកនេះនឹងនៅតែបន្តហក់ឡើងជាប់គ្នា រហូតដល់៣ ទៅ ៤ថ្ងៃខាងមុខទៀត ព្រោះទឹកភ្លៀងនេះមានកម្រិតធំកម្ពស់ ២៣០មីលីម៉ែត្រ។

កម្ពស់ទឹកក្នុងស្ទឹងសង្កែនៅពេលនេះ កំពុងជិតដល់កម្រិតប្រកាសឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នហើយ ខណ:ទឹកដែលត្រូវប្រកាសអាសន្នគឺកម្ពស់ ១៥ម៉ែត្រ ក្នុងនោះបរិមាណទឹក និងគ្របដណ្តប់មួយភាគធំលើក្រុងបាត់ដំបង។

សូមបញ្ជាក់ថា លោក ងួន រតន: អភិបាលខេត្តបាត់ដំបង ពេលចុះជួបជាមួយប្រជាពលរដ្ឋនៅតំបន់ព្រំដែន និងស្រុកផ្សេងទៀត បានបញ្ជាក់ថា ស្ថានភាពទឹកនៅដំណាក់កាលចុងក្រោយនេះ បានបង្កការប៉ះពាល់ដល់លំនៅស្ថាន និងដំណាំរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ពិសេសនៅតំបន់ជាប់មាត់ស្ទឹង អូរ បឹងបួរមួយចំនួនដូចជា នៅតាមបណ្តាតំបន់ព្រំដែនស្រុកសំពៅលូន ស្រុកភ្នំព្រឹក កំរៀង ស្រុករុក្ខគីរី ឯកភ្នំ និងស្រុកមោងឬស្សីជាដើម។

លោកណែនាំឲ្យប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ខាងលើទាំងអស់នេះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីចាំបាច់ត្រូវរត់រកទីទួលមានសុវត្ថិភាពដើម្បីធានាពីសុវត្ថិភាព ប្រការដែល ត្រូវយកចិត្តទុកដាក់បំផុតគឺជីវិតមនុស្សពិសេសក្មេងៗ មនុស្សចាស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិសគ្រប់ប្រភេទ និងជៀសវាងជួបការគ្រោះថ្នាក់ផ្សេងៗ ហើយប្រសិនបើមានបញ្ហាគ្រោះអាសន្នត្រូវផ្តល់ព័ត៌មានដល់អាជ្ញាធរ ដើម្បីមានការជួយអន្តរាគមន៍សង្គ្រោះឲ្យបានទាន់ពេលវេលា៕