(ភ្នំពេញ)៖ អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគេ្នយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្តែងនូវក្តីសុទិដ្ឋិនិយម ចំពោះកំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា ដោយសម្រេចបាននូវកំណើតក្នុងរង្វង់៦,៩ភាគរយ ក្នុងឆ្នាំ២០១៥ ហើយនឹងកើនឡើង ៧ភាគរយនៅឆ្នាំ២០១៦នេះផងដែរ។

ការសម្តែងនូវក្តីសុទិដ្ឋិនិយមនេះ ធ្វើឡើងពេលលោក James Nugent អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគេ្នយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន នាទីស្តីការក្រសួងសេដ្ឋកិច្ច នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា «លោក James Nugent ក៏បានវាយតម្លៃខ្ពស់ ចំពោះស្ថិរភាពនយោបាយរបស់កម្ពុជា ជាពិសេសស្ថានភាព នៃការរីកចម្រើនសេដ្ឋកិច្ច ដែលសម្រេចបានកំណើន ក្នុងរង្វង់ ៦,៩% ក្នុងឆ្នាំ ២០១៥ និង ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាដែលអាចនឹងនៅតែសម្រេចបានប្រមាណ ៧% ក្នុងឆ្នាំ ២០១៦ នេះផងដែរ។ កំណើនសេដ្ឋកិច្ចនេះ នឹងធ្វើឱ្យចំណូលប្រចាំឆ្នាំ របស់ប្រជាជនកម្ពុជា កើនទ្បើងពី ១ ២២៨ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៥ រហូតដល់ ១ ៣២៥ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៦»។

លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍ចំពោះលោក Samiuela Tukuafu ដែលត្រូវបានតែងតាំងជានាយកស្ថានតំណាងថ្មីរបស់ ADB ប្រចាំនៅកម្ពុជា ក៏ដូចជា វាយតម្លៃខ្ពស់ចំពោះការគាំទ្រ និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ ADB ក្នុងរយៈកាលកន្លងមក និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាង កម្ពុជា និង ADB នឹងត្រូវបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

សូមជម្រាបថា នាយកធនាគារ ADB ថ្មីប្រចាំនៅកម្ពុជា លោក Samiuela Tukuafu បានចូលកាន់តំណែងជំនួសលោក​ Eric Sidgwick​ ដែលជានាយកធនាគារ ADB ប្រចាំកម្ពុជាចាស់ បន្ទាប់ពីត្រូវបានផ្លាស់ប្តូរទៅកាន់ ជានាយកធនាគារ ADB ប្រចាំប្រទេសវៀតណាម៕