(ភ្នំពេញ)៖ លោក រៀល ខេមរិន្ទ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ បានធ្វើលិខិតបំភ្លឺជាថ្មីម្តងទៀត អង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) ជុំវិញការចោទប្រកាន់ដែលលោក បានកិបកេងប្រាក់ សម្រាប់រៀបចំការចុះត្រួតពិនិត្យព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង កាលពីខែកក្កដា ឆ្នាំ២០១៥។

តាមលិខិតបំភ្លឺរបស់ លោក រៀល ខេមរិន្ទ បានឱ្យដឹងថា លោកបានទទួលថវិកាពីសប្បុរសជននៅក្រៅប្រទេស ប្រមាណ២០៧៥០ដុល្លារ ។ ចំណែកឯការចំណាយសរុបរបស់លោក សម្រាប់រៀបចំការចុះត្រួតពិនិត្យព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង អស់ចំនួន ២០.៧៤០ដុល្លារ នៅសល់តែ១០ដុល្លារប៉ុណ្ណោះ ។

កាលពីដើមខែសីហាកន្លងទៅ តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នៃគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ្រ ត្រូវបានជនអនាមិកប្តឹងទៅACU ពីបទកិបកេងប្រវ័ញ្ចប្រាក់ ៥៥.០០០ដុល្លារ ក្នុងការរៀបចំដំណើរចុះពិនិត្យមើល បង្គោលព្រំដែនកម្ពុជា-វៀតណាម នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។ ពាក្យបណ្តឹង ពីការកេងប្រវ័ញ្ចប្រាក់ទាំង៣នោះ មានចំនួនទឹកប្រាក់ខុសៗគ្នា គឺបណ្តឹងទី១៖ មានទឹកប្រាក់ ១៥.០០០ដុល្លារ, ពាក្យបណ្តឹងទី២៖ មានទឹកប្រាក់ ២០.០០០ដុល្លារ និងបណ្តឹងទី៣ ៖ មានទឹកប្រាក់ ២០.០០០ដុល្លារ។

ក្រោយមានពីការប្តឹងនេះ លោក រៀល ខេមរិន្ទ្រ បានធ្វើលិខិតបំភ្លឺមួយ ទៅកាន់ ACU ដោយអះអាងថា លោកពុំដែលទទួលបាន ឬកិបកេងប្រាក់រាប់ម៉ឺនដុល្លារ ដូចទៅនឹង ការចោទប្រកាន់នោះឡើយ ហើយលោក ចាត់ទុកថា ការចោទប្រកាន់រូបលោក គឺជាការប្រឌិតក្នុងចេតនាទុច្ចរិត មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោក។

ទោះជាយ៉ាងនេះក្តី កាលពីខែកញ្ញា ឆ្នាំ២០១៥ ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញលិខិតមួយ ឆ្លើយតបនឹងលិខិតបំភ្លឺរបស់ លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ដែល ACU បានចាត់ទុកថា លិខិតបំភ្លឺរបស់លោក រៀល ខេមរិន្ទ្រ មានលក្ខណៈលំៗពិបាកនឹងជឿទុកចិត្តបាន៕