(បាងកក)៖ អនុរដ្ឋមន្ត្រីការពារជាតិថៃ លោក Udomdej Sitabutra បានបញ្ជាក់ថា រដ្ឋាភិបាលថៃអស់រយៈពេលយូរណាស់មកហើយ មិនមាន គម្រោងក្នុងការទិញរថពាសដែក ពីប្រទេសរុស្ស៊ី ដូចទៅនឹងការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយនោះទេ នេះបើតាមសារព័ត៌មាន ស៊ិនហួ ចេញផ្សាយ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោកអនុរដ្ឋមន្ត្រីបានបន្ត ដោយច្រានចោលនូវព័ត៌មានថា កងកម្លាំងថៃគ្រោងទិញរថពាសដែក ប្រភេទ T-14 Armata និង T-90 ពីប្រទេសរុស្ស៊ី ហើយក៏បានច្រាលចោលថា កាលពីពេលថ្មីៗនេះកងកម្លាំងរបស់ខ្លួន បានធ្វើទស្សនកិច្ច ទៅកាន់រោងចក្រផលិត រថពាសដែក Uralvagonzavod ក្នុងទីក្រុង Nizhny Tagil ប្រទេសរុស្ស៊ី​។

សូមជំរាបថា រថពាសដែកប្រភេទ T-14 ឬក៏ T-90 មួយគ្រឿង ត្រូវបានគេរាយការណ៍ថា មានតម្លៃចន្លោះពី៣,៧លាន ទៅ៤,៥លានដុល្លារ សហរដ្ឋអាម៉េរិក៕