(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៩ខែឆ្នាំ២០២០នេះខ្លួនទទួលបានក្រុមហ៊ុនចុះបញ្ជីជាមូលបត្រចំនួន៥ ដែលទឹកប្រាក់ប្រមូលបានជាង៩២លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែតុលានេះ។

ក្រុមហ៊ុនទាំង៥ដែលចុះបញ្ជីក្នុងផ្សារភាគហ៊ុននេះ មាន២ក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុន និង៣ទៀតចុះជាសញ្ញាបណ្ណ។

ផ្សារមូលបត្រកម្ពុជា ចាត់ទុកការចុះបញ្ជីរបស់ក្រុមហ៊ុនទាំង៥នេះ គឺជាសញ្ញាណវិជ្ជមានមួយ បង្ហាញពីភាពរីកចម្រើនលូតលាស់ទៅមុខ នៃផ្សារមូលបត្រកម្ពុជា បើទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងជួបប្រទះនឹងវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។

ផ្សារមូលបត្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា និន្នាការនេះនឹងក្លាយជាកាតាលិករ ដើម្បីជំរុញឲ្យក្រុមហ៊ុនដទៃទផត ចាប់យកឱកាសនេះ ងាកមកប្រមូលទុនតាមរយៈផ្សារមូលបត្រ ដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន។