(បាត់ដំបង)៖ លោក សើ សាម៉េត បានប្រាប់ឲ្យដឹងថា ដោយសារស្ថានភាពទឹកភ្លៀងបានបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ពិសេសនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បណ្តាលឲ្យទឹកស្ទឹងមួយចំនួនក្នុងស្រុកសំឡូត បានហក់ឡើងខ្លាំង និងបានបង្កជាជំនន់លិចផ្លូវ ថ្នល់ ស្រែ ចម្ការផងដែរ ពេលនេះរដ្ឋបាលស្រុកសំឡូត បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្រញូង និងស្ទឹងសំឡូត បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមានបញ្ហាប្រឈមខ្លាំងត្រូវត្រៀមលក្ខណៈរកទីទួលមានសុវត្ថិភាពជាមុន ចៀសវាងមានគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វពាហនៈ និងសំភារៈផ្សេងៗជាដើម។

លោកបានបញ្ជាក់ថា បើទោះបីនៅព្រឹកថ្ងៃទី៩ ខែតុលានេះ មូលដ្ឋានស្រុកសំឡូតអាកាស ធាតុមិនមានធ្លាក់ភ្លៀងបន្តទៀតក៏ដោយក៏បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ប្រឈមខាងលើ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានជាប់ជាប្រចាំដើម្បីធានាមានសុវត្ថិភាពទាំងអស់គ្នា។

ចំពោះមុខតំបន់ដែលប្រឈមជន់លិចខ្លាំងដោយសារទឹកជំនន់មានឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងនោះប៉ះពាល់ជាច្រើនភូមិដូចជា នៅចំណុចភូមិចម្លងរមាំងលើ ចម្លងរមាំងក្រោម ចំណុចវាលធ្មា អូរសំរិលលើ និងចំណុចភូមិអូរចែងលើ។ ឥទ្ធិពលអាកាសធាតុរងសំពាធទាបបង្កជាទឹកភ្លៀងច្រើនចុង ក្រោយនេះបានប៉ះពាល់ជន់លិចលំនៅស្ថាន របស់ប្រជាពលរដ្ឋក្នុងស្រុកសំឡូត ចំនួន៥៧ខ្នងផ្ទះ លិចដំណាំដំឡូងមីសរុបចំនួន១២៩ហិកតា ដំណាំពោតចំនួន៧៥ហិកតា ម្ទេសចំនួន១៨ហិកតា និងបន្លែស្ពៃក្តោបប៉ះពាល់សរុបចំនួន ១០ហិកតា រួមទាំងខូចខាតផ្លូវ ថ្នល់ចំនួន៧កន្លែងផងដែរ។

ដំណោះស្រាយបន្ទាន់ចំពោះមុខរដ្ឋបាលស្រុកសំឡូត បាននិងកំពុងប្រើប្រាស់កម្លាំងគណៈបញ្ជាការស្រុកទាំងអស់ ក៏ដូចជាក្រុមយុវជនមួយចំនួនទៀតប្រញាប់ប្រញាល់ ចុះជួយអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋ ពិសេសក្មេងៗ និងមនុស្សចាស់ឲ្យមានសុវត្ថិភាព៕