(បាងកក)៖ យោងតាមព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានគេ រកឃើញថា មានផ្ទុកវីរ៉ុស Zika នៅក្នុងប្រទេសថៃ។ បុរសជនជាតិថៃ វ័យ២២ឆ្នាំរូបនេះ មានរោគសញ្ញាឈឺចាប់ ដូចទៅនឹងវីរ៉ុស Zika ដែលកំពុងរាតត្បាត នៅក្នុងប្រទេសប្រេស៊ីល និងកូឡុំប៊ី និងអាមេរិកកណ្តាល។

បុរសខាងលើបានជាសះស្បើយ ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យហើយ នេះបើតាមការឲ្យដឹងពី នាយកមន្ទីរពេទ្យ Bhumibol Adulyadej ទីក្រុងបាងកក លោក Marshall Santi Srisermpoke។ វាមិនត្រូវបានគេដឹងច្បាស់នោះទេ ថាតើបុរសម្នាក់នេះ បានស្នាក់នៅក្នុងមន្ទីរពេទ្យ អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកហើយ ឬក៏គាត់បានឆ្លងវីរ៉ុសនេះ មកពីតំបន់ណា។ កាលពីខែមុន កោះតៃវ៉ាន់ បានរាយការណ៍ថា មានករណីវីរ៉ុស Zika បានកើតឡើង ដោយឆ្លងពីបុរសម្នាក់នៅក្នុងប្រទេសថៃ​៕