(ព្រះវិហារ)៖ លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងពីរភេទសូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យដែលនៅក្បែរ។

ការថ្លែងអំពាវនាវយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោកអភិបាលស្រុកឆែប ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូនប្រជាពលរដ្ឋដែលមានជំងឺ ៤គ្រួសារ នៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ។

លោកអភិបាលស្រុក បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីតម្លៃសុខសន្តិភាព និងការរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកអភិបាលស្រុកឆែប បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ក៏ដូចជាលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដែលជានិច្ចជាកាលលោកតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហាររបស់យើង។

ជាមួយគ្នានោះលោក សុខ សាន្តតារ៉ា បានថ្លែងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ព្រមទាំងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យក្នុងការរស់នៅ ពិសេសត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ១៩។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ៤គ្រួសារ ដែលកំពុងព្យាបាលជំងឺ ទទួលបានអំណោយរួមមាន៖ អង្ករ៨បេ ស្មើនិង២០០គីឡូក្រាម ទឹកត្រី៤យួ ទឹកស៊ីអ៊ីវ៤យួ ត្រីខ៤យួ មី៤កេស ប្រេងឆា៨ដប និងថវិកា៦០ម៉ឺនរៀល។

លោកអភិបាលស្រុក បានដឹកនាំក្រុមការងារបន្តដំណើរទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត និងពិនិត្យសកម្មភាពការផ្តល់សេវាសុខភាពនៅប៉ុស្តិ៍សុខភាពប្រើសក្អកផងដែរ៕