(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ដោយសម្តែងការប្រតិកម្មចំពោះការសាងសង់ សណ្ឋាគារ Le Palais Hotel នៅលើកោះផាង៉ាន់ (Phangan) ខេត្ដស៊ូរ៉ាត់ថានី នៃប្រទេសថៃ ដែលបានចម្លងរចនាបទប្រាសាទអង្គរវត្ដ បាយ័ន និងបន្ទាយស្រី នៃប្រទេសកម្ពុជា។

លោកបានលើកទ្បើងថា ម្ចាស់សណ្នាគារហាក់ពុំបានស្វែងយល់អំពីមុខងារគុណតម្លៃពិតសំណង់ស្លាបត្យកម្មសិល្បៈខ្មែរទេ និងជាការសោកស្ដាយបំផុត ពីព្រោះអំពីគុណតម្លៃសំណង់ស្ថាបត្យកម្មសិល្បៈខ្មែរ គឺមានមុខងារផ្សេងៗគ្នា ដូចជាអ្វីជាស្លាបត្យកម្មប្រាសាទ? អ្វីជាស្លាបត្យកម្មព្រះបរមរាជវំាង? អ្វីជាស្លាបត្យកម្មវិមាន? អ្វីជាស្លាបត្យកម្មវត្ដអារាមឬចេតិយ៍? ជាដើម។

លោកអះអាងថា ក្នុងន័យនេះបើនិយាយពីប្រាសាទគឺជាលំនៅដ្ឋានរបស់ទេព ឬជាទីកន្លែងតម្កល់ ឬបញ្ចុះធាតុព្រះរាជា ឬបុព្វការីជនដោយបែងចែកជាថ្នាក់ៗទៅតាមលំដាប់។ ជាក់ស្ដែងប្រាសាទអង្គរវត្ដដែលកសាងទ្បើងដោយព្រះបាទសូរ្យវរ្ម័នទី២ ជាប្រាសាទព្រហ្មមញ្ញសាសនាដ៏ធំបំផុតនេះគឺដើម្បីឧទ្ទិសដល់ព្រះវិស្ណុ និងជាកន្លែងបញ្ចុះព្រះបរមសពព្រះអង្គ មានឈ្មោះថា «បរមវិស្ណុលោក» រីឯប្រាសាទដទៃទៀតក៏ដូចគ្នាផងដែរ។ បានសេចក្ដីថា «ប្រាសាទគឺជាលំដ្ឋានរបស់ទេព ដោយផ្សាភ្ជាប់នឹងបុព្វការីជនសម្រាប់ធ្វើកិច្ចពិធីផ្សេងៗ ដូចយើងឃើញបច្ចុប្បន្ននេះ គឺប្រាសាទពុំមែនជាលំនៅដ្ឋានរបស់ព្រះរាជា ឬរបស់មនុស្សផងទំាងពួងសម្រាប់ស្នាក់នៅ» នោះទេ។

ឮលោក រ័ត្ន សណ្ដាប់ បានបន្ដថា នៅក្នុងប្រព័ន្ធជំនឿព្រហ្មមញ្ញសាសនា ឬព្រះពុទ្ធសាសនា បើបរិយាយអំពីចក្រវាទ្បជាលោកធាតុដែលជាលំហពុំអាចគណនាបាន។ ក្នុងនោះមានផ្កាយ ព្រះអាទិត្យ ព្រះចន្ទ ទឹក ដី អាកាសជាដើម ហើយនៅចំកណ្ដាលមានភ្នំព្រះសុមេរុដែលមានជួរភ្នំ៧ជាន់ និងសមុទ្រ៧ជាន់នៅឆ្លាស់គ្នា ព័ទ្ធជុំវិញភ្នំនោះ និងមានទ្វីប៤ នៅតាមទិសទំាង៤ ស្ថិតនៅខាងក្រៅបង្អស់នៃមហាសមុទ្រ។

ហេតុនេះចក្រវាទ្បជាលំហ ដ៏ធំល្វីងល្វើយគ្មានដែនកំណត់គឺមានភ្នំព្រះសុមេរុ មានកម្ពស់ខ្ពស់បំផុត ហើយផ្នែកខាងក្រោមមានរាង និងប្រវែងស្មើគ្នាចុះទៅក្រោម ដូចផ្នែកខាងលើដែរ។ ស្ថិតក្នុងទស្សនៈប្រព័ន្ធជំនឿនេះ ចំពោះដូនតាខ្មែរកសាងប្រាសាទ គឺជានិម្មិតរូបនៃភ្នំព្រះសុមេរុ ឬជាលោកធាតុទំាងមូលតែម្ដង។ ដោយតួប៉មធំកណ្ដាលរបស់ប្រាសាទទុកដូចជាភ្នំព្រះសុមេរុ រីឯតួប៉មនិងកំពែងជុំវិញទុកដូចជាជួរភ្នំ និងគូទឹកព័ទ្ធជុំវិញទុកដូចជាមហាសមុទ្រយ៉ាងដូច្នោះឯង។ បើនិយាយឲ្យខ្លី «ប្រាសាទជានិម្មិតរូបយ៉ាងពិតប្រាកដ ក្នុងការបង្រួមជាសុខុមលោកតូចមួយក្នុងការតំណាងឲ្យសុខុមលោកធាតុធំ»

ត្រង់ចំណុចនេះ លោកអះអាងថា ចំពោះប្រាសាទគឺខ្មែរបុរាណហៅថា «វ្រះភ្នំ ឬគុត ឬបន្ទាយ» ជាការពោលសំដៅដល់ភ្នំព្រះមេរុមានកំពែងព័ទ្ធជុំវិញ។ លុះចាប់ពីសម័យកណ្ដាលមកគេហៅថា «ព្រះធាតុ» ព្រោះប្រទេសកម្ពុជាបានទទួលឥទ្ធិពលព្រះពុទ្ធសាសនាថេរវាទ ដោយបានប្រែក្លាយពីប្រាសាទមកជាចេតិយ៍ រហូតមកសព្វថ្ងៃ។នេះជាការបញ្ជាក់បន្ថែមលោក រត្ន័ សណ្ដាប់។

ជាចុងក្រោយ លោក រ័ត្ន សណ្ដាប់ ក៏សូមអំពាវនាវផងដែរ ដល់ប្រជាជាតិនានាប្រទេស បើទោះបីមានបំណងស្រទ្បាញ់លើកស្ទួយសម្បត្ដិវប្បធម៌ខ្មែរក្ដី ឬក្នុងរូបភាពណាក្ដី គឺត្រូវស្វែងយល់អំពីគុណតម្លៃសិល្បៈខ្មែរឲ្យបានច្បាស់លាស់ ពីព្រោះគុណតម្លៃសំណង់ស្ថាបត្យកម្មសិល្បៈខ្មែរមានមុខងារផ្សេងៗគ្នា ជាពិសេសគេពុំអាចយកគុណតម្លៃពិតរបស់ប្រាសាទ មកធ្វើជាសណ្នាគារស្នាក់នៅបានទេ ពីព្រោះថាប្រាសាទមានគុណតម្លៃដ៏អស្ចារ្យជាសកល គឺ «ប្រវត្ដិសាស្រ្ដ វប្បធម៌និង សាសនា» គឺពុំមែនមានគុណតម្លៃដ៏អស្ចារ្យជាសកល «ប្រវត្ដិសាស្រ្ដ វប្បធម៌ និងទីកន្លែងស្នាក់នៅរបស់មនុស្ស» នោះទេ។ បើដូច្នេះបើយើងពុំស្គាល់អំពីគុណតម្លៃទាំងនេះទេ គឺមិនខុសពីយើងកសាងចេតិយ៍យ៉ាងប្រណីត ហើយនាំគ្នាទៅស្នាក់អាស្រ័យយ៉ាងសប្បាយរីករាយដោយពុំដឹងខ្លួនយ៉ាងដូច្នោះដែរ ពីព្រោះ «បើទោះបីមនុស្សសម័យបច្ចុប្បន្នពុំប្រកាន់ តែមនុស្សសម័យបុរាណគឺប្រកាន់»