(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រីយ៍ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានណែនាំឱ្យមន្ត្រីនគរបាលគ្រប់រូប ត្រូវខិតខំបំរើប្រជាពលរដ្ឋ ឱ្យ មានប្រសិទ្ធភាពខ្ពស់ និងខិតខំបង្ការ ទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកឧត្តមសេនីយ៍ត្រីយ៍ ហួត សុធី បានណែនាំដូចនេះនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ក្នុងពិធីបិទវគ្គបំប៉នជំនាញសន្តិសុខ និងព្រហ្មទណ្ឌរយៈពេលខ្លីដល់មន្ត្រី នគរបាលជាតិនៃស្នងកការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមទាំងមន្ត្រីនគរបាលជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ ហួត សុធី ក៏បានកោតសរសើរមន្ត្រីនគរបាល ដែលជាសិក្ខាកាមទាំងអស់ដែលបានខិតខំយកអស់ប្រាជ្ញាស្មារតី ខិតខំត្រងត្រាប់ និងកត់ត្រា នៅមេរៀនសំខាន់ៗ សម្រាប់យកទៅអនុវត្តន៍ជាក់ស្តែងនៅកន្លែងរៀងៗខ្លួន។

លោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងអំណរគុណដល់ផែនការងារធនធានមនុស្ស ជាពិសេសជនបង្គោល គ្រូឧទ្ទេសនាម មន្ត្រីពាក់ពន្ធ័ដែលបានរៀបចំ និងគាំទ្រកម្មវិធី រហូតទទួលបានជោគជ័យ ជាមួយគ្នានេះដែរលោកក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងបន្តទៀត យកចំណេះទាំងអស់ត្រឡប់ទៅវិញអនុវត្តជំនាញ និងបំរើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងបង្ការ ទប់ស្កាត់បតល្មើសនានាក្នុងមូលដ្ឋាន៕