(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកក្រុមហ៊ុន ខេអិនអិន ខេមបូឌា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន បានឧបត្ថម្ភគ្រឿងចក្រ សាស័រ SD200 ម៉ាកឌូសាន់ (Doosan) មួយគ្រឿង ដែលមានទំហំប៉ែល ៣ម៉ែត្រគូប និងតម្លៃជាង៦ម៉ឺនដុល្លារ ជូនដល់សាលារាជធានីភ្នំពេញ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បី ដោះស្រាយបញ្ហាសំរាមដ៏ស្មុគស្មាញ និងចាំបាច់ក្នុងដំណាក់កាលនេះ។ ការប្រគល់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលារាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះទាំង ១៤ខណ្ឌ និងសង្កាត់ទាំង១០៥បាន និងកំពុងដៃដុតជើងទាំងយប់ ទាំងថ្ងៃដើម្បីធ្វើសកម្មភាព ប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលមកដល់ពេលនេះក្នុងមួយថ្ងៃយើងប្រមូលសំរាមបានប្រមាណ ២០០០តោន ខណៈដែលនៅភ្នំពេញ ក្នុងមួយថ្ងៃមានសំរាមចំនួន ២៨៦៥តោន។ មានន័យថា រដ្ឋបាលរាជធានីភ្នំពេញ អាចគ្រប់គ្រងការប្រមូលសំរាមបានមួយកម្រិតធំហើយ។ លោកជឿជាក់ថា មិនយូទេ ការប្រមូលសំរាមនឹងលែងជាបញ្ហា បើទោះបីកម្មករ ស៊ិនទ្រី ធ្វើកូដកម្មមិនប្រមូលសំរាមក៏ដោយ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «សម្រាប់គ្រឿងចក្រមួយគ្រឿងនេះ វានឹងជួយរំលែកការងារដល់អាជ្ញាធររាជធានីភ្នំពេញមួយកម្រិតធំ»។ លោកក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ដែលបានប្រគល់នូវគ្រឿងចក្រមួយគ្រឿងនេះ មកដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលលើការងារប្រមូលសំរាម ខណៈដែររដ្ឋបាលរាជធានីភ្នំពេញ មានការខ្វះខាតនូវគ្រឿងចក្រ នៃការប្រមូលសំរាមនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា «កិច្ចការងារប្រមូលសំរាមយើងបានគិតគូរតាំងពីឆ្នាំ២០១៩មក ដោយយើងបានចែកម៉ូតូកង់បីសំរាប់ដឹកសំរាមនៅតាមបណ្ដាខណ្ឌទាំង១៤ និងសង្កាត់ទាំង ១០៥ ជាមួយនឹងការទិញគ្រឿងចក្រចំនួន ៧០គ្រឿង ដើម្បីដឹកជញ្ជូនសំរាមទៅចាក់ទីលានផងដែរ»

លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះទាំងអគ្គស្នងការនគរបាលជាតិ ទាំងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានសន្យា បញ្ជូនកងកម្លាំងប្រដាប់អាវុធទាំងពីរភេទនេះ ប្រមាណ២ពាន់នាក់ មកជួយលើការងារដឹកជញ្ជូន និងប្រមូលសំរាមនៅរាជធានីភ្នំពេញផងដែរ។ តែទោះបីជាយ៉ាងណាក្តីកម្លាំងទាំងនេះ យើងមិនទាន់យកមកប្រើប្រាស់នៅឡើយទេ។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាទុកដាក់ វេចខ្ចប់សំរាមឲ្យបានល្អ កុំយកទៅបោះចោលនៅតាមទីសាធារណៈអាចយកទៅដាក់នៅដេប៉ូ ចាក់សំរាមដែលរៀបចំឡើងដោយអាជ្ញាធរខណ្ឌ នៅក្នុងរាជធានីភ្នំពេញ។ ការធ្វើបែបនេះនឹងជួយសម្រួលការងារច្រើនសម្រាប់ក្រុមការងារដឹកសំរាមជញ្ជូនសំរាមរបស់យើង។

នាឱកាសនោះ លោក ឃួង ស្រេង ក៏បានប្រគល់គ្រឿងចក្រនេះ បន្តដល់រដ្ឋបាលខណ្ឌទួលគោក ដើម្បីយកទៅចូកកើបសំរាម នៅមូលដ្ឋានខណ្ឌផង១ដែរ។ បញ្ហាសំរាមជាបញ្ហា លំបាក ដែលប្រជាពលរដ្ឋក្នុងរាជធានីកំពុងប្រឈមមុខ ព្រមទាំងមានសេចក្តីត្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន ទើបក្រុមហ៊ុន ខេ អិន អិន ខេមបូឌា សម្រេចធ្វើការឧបត្ថម្ភគ្រឿងចក្រ១គ្រឿង ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា គ្រឿងចក្រដែលបានឧបត្ថម្ភជូននៅ ពេលនេះនឹងអាចចូលរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការជួយសម្រួលប្រតិបត្តិការផ្សេងៗ ដើម្បីជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់គ្រឿង ចក្រក្នុងប្រទេសកម្ពុជា និងមានម៉ាកល្បីៗជាច្រើនដូចជា DOOSAN, EVERDIGM and AMMANN ដែលស្ថិតនៅតាមដងផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការចូលរួមចំណែកក្នុងការជួយដល់សកម្មភាពសង្គមនិងសប្បុរសធម៌ ជាកាតព្វកិច្ចសំខាន់មួយរបស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា៕