(កំពង់ឆ្នាំង)៖ ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង, កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលតាមមូលដ្ឋាន បានដុតដៃដុតជើងស្រាវជ្រាវ និងចាប់បានក្រុមក្មេងទំនើង២នាក់ ខណៈ៣នាក់ទៀតកំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពគប់ និងយកចំពាមកៅស៊ូបាញ់កញ្ចក់រថយន្ត អ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៥ យ៉ាងសកម្មនៅពេលយប់ នៅចំណុចភូមិចាលាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ទោ អ៊ុំ ចំរើន អធិការរងនគរបាលស្រុកកំពង់ត្រឡាចទទួលផែនចរាចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះថា នៅវេលាម៉ោង ១១៖៣៥ នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីលោកបានទទួលបញ្ជាពីលោកអធិការនគរបាលស្រុកកំពង់ត្រឡាច លោកដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងមួយក្រុម ដែលបានធ្វើសកម្មភាព ដោយយកចំពាមកៅស៊ូបាញ់កញ្ចក់រថយន្តអ្នកធ្វើដំណើរនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិចាលាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខណៈនោះលោកក៏បានចេញអន្តរាគមន៍ភ្លាមៗដែរ ដោយបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលលង្វែក រួមនិងកម្លាំងអន្តរាគមន៍។

លោកវរសេនីយ៍ទោ បានបន្តឲ្យដឹងទៀតថា នៅពេលចុះទៅដល់ចំណុចកើតហេតុ លោកក៏បានជួបនឹងក្មេងទំនើងមួយក្រុមដែលមានគ្នា ៥នាក់ ម៉ូតូ២គ្រឿង ខណៈនោះដែរកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនក្មេងទំនើងបាន២នាក់ និងម៉ូតូ២គ្រឿងបានភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយឡែកបក្ខពួករបស់គេ ៣នាក់ទៀត បានផ្ដួលម៉ូតូចោលហើយរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។

តែទោះជាយ៉ាងនេះក្តីចំពោះក្រុមក្មេងទំនើងទាំង ៣នាក់ ដែលបានរត់គេចខ្លួនរួចនោះត្រូវបានគេស្គាល់ថា ពួកគេមានទីលំនៅស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ហើយក្រុមនោះ ក៏ជាមុខសញ្ញាដែលត្រូវ បានសមត្ថកិច្ចខេត្តកំពង់ស្ពឺ កំពុងតែធ្វើការស៊ើបអង្កេតផងដែរ។

លោកបានបន្ថែមថា លទ្ធផលក្នុងការបង្ក្រាបក្មេងទំនើងខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងបាន ២នាក់ ម៉ូតូ២គ្រឿង ចំពាមកៅស៊ូ១ និងដាវ១ដើម។ ក្មេងទំនើង ទាំង២នាក់ខាងលើនេះម្នាក់ឈ្មោះ ផ្ទាត់ សុផា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងឈ្មោះ ប្រាក់ គង់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ក្រុមនេះធ្លាប់បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ នៅលង្វែកកាលពីប៉ុន្មានឆ្នាំមុននេះផងដែរ។

បច្ចុប្បន្នក្មេងទំនើងទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលលង្វែក កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ចាត់ការបន្ត។

សូមបញ្ជាក់ថា ក្មេងទំនើងម្នាក់ដែលត្រូវចាប់ខ្លួននោះ គឺជាមុខសញ្ញាចាស់ដែលបានដេញវាយ និងកាប់គ្នាយ៉ាងអនាធិបតេយ្យនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីពេលកន្លងទៅផងដែរ៕