(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជាច្រើននាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុនដំឡូងមី «H.L.H Agriculture» របស់ប្រទេសសិង្ហបុរី បាននាំគ្នាផ្ទុះការតវ៉ា ចំពោះសកម្មភាពសិក្សារករ៉ែថ្ម នៅក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ ប្រជាពលរដ្ឋដែលជាអ្នកតវ៉ាទាំងនេះ បានចាត់ទុកសកម្មភាពសិក្សា ហើយអាចឈានទៅរករ៉ែថ្មក្នុងដីសម្បទានសេដ្ឋកិច្ច អាចនាំឱ្យពួកគេបាត់បង់ការងារ និងចំណូលប្រចាំថ្ងៃ ខណៈភាគីក្រុមហ៊ុនចាត់ទុកសកម្មភាពជាការរំលោភលើកិច្ចសន្យាវិនិយោគយ៉ាងធ្ងន់ធ្ងរ។

ក្រុមហ៊ុន «H.L.H Agriculture» ដែលមានថៅកែជាជនជាតិសិង្ហបុរី កំពុងរកស៊ីលើវិស័យអចលនទ្រព្យ និងកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០០៨កន្លងទៅ ទទួលបានសិទ្ធិវិនិយោគលើដីទំហំប្រមាណជា ៩ពាន់ហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ។ ចាប់តាំងពីឆ្នាំ២០០៩ មក ក្រុមហ៊ុនបានបោះទុនប្រមាណ ៦០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនេះ ដោយឈូសឆាយ និងដាំដំឡូងមីកែច្នៃជាម្សៅសម្រាប់នាំចេញ។ មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនបានឈូសឆាយ និងដាំដុះលើដីនេះបានប្រមាណជា ៩០ភាគរយ ហើយកំពុងនាំម្សៅដំឡូងមីទៅកាន់ទីផ្សារនៅអឺរ៉ុប និងឥណ្ឌា ក្នុងមួយខែប្រមាណជា ៥០០តោន។

ការវិនិយោគរបស់ក្រុមហ៊ុន «H.L.H Agriculture» បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង់ពន្ធផ្សេងៗ ហើយក៏បានផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺផងដែរ។ បច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ប្រមាណជា ៣០០នាក់ កំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន ដោយទទួលបានប្រាក់ឈ្នួលចន្លោះពី ២៥០ដុល្លារ ដល់ ៧០០ដុល្លារក្នុងមួយខែ។

ការងារជាកម្មករដាំដំឡូង បោចស្មៅ និងដកដំឡូងជាដើមក្នុងចំការដំឡូង បានធ្វើឱ្យពលរដ្ឋក្នុងស្រុកឱរ៉ាល់ ទីដាច់ស្រយាលមួយនេះ អាចរកចំណូលទ្រទ្រង់ជីវភាព និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ពួកគេផងដែរ។ ក្នុងមួយឆ្នាំៗប្រជាពលរដ្ឋ គេអាចបម្រើការងារក្នុងចំការដំឡូងពេញមួយឆ្នាំដោយមិនមានអាកខានក្នុងខែណានោះឡើយ ដ្បិតក្រុមហ៊ុនបានដាក់ផែនការដាំបណ្តាក់គ្នាជាហូរហែរ។

លោក ហឹម ប៊ុនធឿន អាយុ ៤០ឆ្នាំ បានបម្រើការងារនៅក្នុងចំការដំឡូងរបស់ក្រុមហ៊ុន «H.L.H Agriculture» រយៈពេល ១៨ឆ្នាំមកហើយ។ លោក ប៊ុនធឿន បានអះអាងថា តាមរយៈការបម្រើការងារនៅក្នុងចំការដំឡូងនេះ ធ្វើឱ្យជីវភាពរបស់គ្រួសារលោកបានប្រសើរ បាននៅជិតក្រុមគ្រួសារ ដោយមិនបាច់ចំណាកស្រុកទៅណាឆ្ងាយស្វែងរកការងារនោះឡើយ។

លោក ប៊ុនធឿន បានបង្ហាញការពេញចិត្តក្នុងការបម្រើការងារនៅក្នុងក្រុមហ៊ុននេះ។ លោកបានបញ្ជាក់ដូច្នេះ «ក្រុមហ៊ុននេះ ជាក្រុមហ៊ុនចូលមកមុនគេបំផុតនៅក្នុងស្រុកឱរ៉ាល់នេះ។ ខ្ញុំ និងកម្មករដទៃទៀត តាំងពីក្រុមហ៊ុនកសិកម្មនេះចូលមកមានជីវភាពធូរធារ។ វាមិនមានណាស់ណាទេ ប៉ុន្តែវាខុសប្លែកពីមុន កាលពីមិនទាន់មានក្រុមហ៊ុន។ អ៊ីចឹងជីវភាពរបស់ពួកខ្ញុំអាចរស់បានមធ្យម»

កម្មករម្នាក់ទៀត គឺអ្នកស្រី ពុយ រាម អាយុ ៥០ឆ្នាំ បានលើកឡើងថា អ្នកស្រីមានវ័យចំណាស់ពិបាកក្នុងការស្វែងរកការងារធ្វើ ហើយក៏មិនអាចទៅធ្វើការងារឆ្ងាយបាននោះដែរ។ ការវិនិយោគដាំដំឡូងមីរបស់ក្រុមហ៊ុន «H.L.H Agriculture» នៅក្បែរលំនៅឋានរបស់អ្នកស្រី ជួយឱ្យអ្នកស្រីអាចរកការងារបានធ្វើជួយទ្រទ្រង់ជីវភាព និងបំពេញតម្រូវការផ្សេងៗ។

អ្នកស្រី បានបញ្ជាក់ដូច្នេះ «យើងធ្វើការនៅក្រុមហ៊ុននេះ យើងរីកចម្រើនដូចថាជីវភាពក្នុងក្រុមគ្រួសារ។ ខ្ញុំចាស់អ៊ីចឹងទៅណាអត់កើត បានធ្វើការក្នុងក្រុមហ៊ុននេះចិញ្ចឹមកូនចិញ្ចឹមចៅ»

អ្នកស្រី ពុយ រាម បានអះអាងថា ការធ្វើការនៅក្នុងក្រុមហ៊ុនរយៈពេល ១២ឆ្នាំកន្លងទៅ អ្នកស្រីមិនដែលជួបការលំបាក ឬអាក់ខានក្នុងការបើកប្រាក់ឈ្នួល ឬមានបញ្ហារឿងប្រាក់ឈ្នួលជាមួយក្រុមហ៊ុននោះឡើយ។

កម្មករម្នាក់ទៀត គឺលោក វេត គឹមហួ អាយុ ៣៥ឆ្នាំ ក៏បានលើកបង្ហាញពីគុណតម្លៃនៃការវិនិយោគរបស់ក្រុមហ៊ុន «H.L.H Agriculture» ដូចគ្នានឹងលោក ប៊ុនធឿន និងអ្នកស្រី ពុយ រាម ផងដែរ។ លោក វេត គឹមហួ ទើបនឹងមកបម្រើការងារនៅក្នុងក្រុមហ៊ុននេះជាង ៣ឆ្នាំប៉ុណ្ណោះ ដោយពីពេលមុនលោកដើរធ្វើការងារជាកម្មករសំណង់។

លោក គឹមហួ បានលើកឡើងថា ការធ្វើការងារនៅក្នុងក្រុមហ៊ុនចំការដំឡូង ជួយឱ្យលោកបាននៅជុំគ្រួសារមិនពិបាកទៅរកការងារឆ្ងាយពីផ្ទះឡើយ។ លោក គឹមហួ បានថ្លែងបញ្ជាក់បែបនេះ «ខ្ញុំមកធ្វើការនៅក្រុមហ៊ុននេះវាស្ថិតស្ថេរ ទោះថាប្រាក់កម្រៃមិនខ្ពស់ដូចគេរៀនចេះដឹង តែយើងអាចរកលុយបង់អង្គការ (មីក្រូហិរញ្ញវត្ថុ) និងផ្គត់ផ្គង់គ្រួសារយើងបាន»

នៅជាប់នឹងព្រំដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនដាំដំឡូងមី «H.L.H Agriculture» នេះ មានក្រុមហ៊ុន ខេ.ភី ស៊ីមេន កំពុងធ្វើសកម្មភាពជីកយករ៉ែថ្មប្រណិត។ បច្ចុប្បន្នក្រុមហ៊ុន ខេ.ភី បានស្នើសុំក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សារករ៉ែនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន «H.L.H» ជាង ៤០០ហិកតា ស្ថិតក្នុងតំបន់៤ ប្លុក១៦។

ការចង់ទៅសិក្សារករ៉ែនៅក្នុងផ្ទៃដីសម្បទានសេដ្ឋកិច្ចទំហំជាង ៤០០ហិកតានេះ ត្រូវបានក្រុមហ៊ុន «H.L.H Agriculture» ជំទាស់ ហើយក្រុមកម្មករបម្រើការងារនៅក្នុងចំការដំឡូងក៏មិនស្វាគមន៍នោះដែរ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទថា ក្រុមហ៊ុន ខេ.ភី ចង់សិក្សារករ៉ែនៅលើដីនោះ ហើយក្រសួងកសិកម្មក៏បានហៅភាគីក្រុមហ៊ុន «H.L.H Agriculture» មកចរចាគ្នាលើរឿងនេះដែរ។ តែក្រុមហ៊ុន «H.L.H Agriculture» មិនបានយល់ព្រម។

បើតាមលោក លោក វេង សាខុន ក្រុមហ៊ុន ខេ.ភី គ្រាន់តែចង់ចូលសិក្សា មិនទាន់ធ្វើសកម្មភាពជីករ៉ែថ្មនោះទេ។ ក្រោយពេលសិក្សារួច បើសិនទីនោះពិតជាមានរ៉ែថ្មមានតម្លៃមែននោះ នឹងដាក់សំណើទៅកាន់រាជរដ្ឋាភិបាល ដើម្បីសម្រេចជាក្រោយ។

តំណាងក្រុមហ៊ុន «H.L.H Agriculture» របស់សិង្ហបុរី លោក លេង ឃាង បានលើកឡើងថា ការដែលក្រុមហ៊ុនមិនឯកភាពឱ្យមានការសិក្សារ៉ែថ្មនៅក្នុងដីដែលខ្លួនបានសិទ្ធិវិនិយោគនេះ ដោយសារតែក្រុមហ៊ុនបានវិនិយោគអស់ទឹកប្រាក់ជាច្រើននៅលើដីនេះដូចជាការឈូសឆាយដី ធ្វើផ្លូវ និងជីកប្រឡាយទឹកបម្រើដល់ការដាំដុះដំឡូងនោះ។ ជាពិសេសនោះ ការធ្វើបែបនេះ នឹងនាំឱ្យដៃគូវិនិយោគរបស់ខ្លួនដូចជាសិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពិនជាដើម ដែលចង់ចូលរួមសហការវិនិយោគជាមួយនោះ មានការបារម្ភ និងបាត់បង់ទំនុកចិត្តក្នុងការចូលរួមសហការ ដើម្បីបង្កើនការវិនិយោគនៅតំបន់នោះ។

បើទោះបីមិនទាន់មានការឯកភាព ឬយល់ព្រមពីក្រុមហ៊ុន «H.L.H Agriculture» យ៉ាងណាក្តីនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន ខេ.ភី បានឱ្យកម្មកររបស់ខ្លួនចូលកាត់របង និងជីកដីលុបប្រឡាយទឹកនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន «H.L.H Agriculture» ដឹកយកគ្រឿងចក្រ សង់រោងកម្មករ ដើម្បីសិក្សារករ៉ែនៅលើដីនោះ។

តំណាងក្រុមហ៊ុនរបស់សិង្ហបុរី បានសម្តែងការមិនសប្បាយចិត្តនោះឡើយចំពោះសកម្មភាពរបស់ក្រុមហ៊ុន ខេ.ភី ដោយចាត់ទុកសកម្មភាពនេះជាការរំលោភបំពានធ្ងន់ធ្ងរដល់សិទ្ធិ និងការវិនិយោគរបស់ខ្លួន។

រាជរដ្ឋាភិបាលកម្ពុជា តែងតែបានអំពាវនាវកៀរគរអ្នកវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា ដោយបង្ហាញពីសក្តានុពលវិនិយោគ ការអនុគ្រោះផ្សេងៗ រួមទាំងការពង្រឹងប្រព័ន្ធច្បាប់ធានាដល់ការវិនិយោគរបស់ក្រុមហ៊ុនបរទេសជាដើម។ តំណាងរបស់ក្រុមហ៊ុន «H.L.H Agriculture» លោក លេង ឃាង បានលើកឡើងថា ការគោរពច្បាប់ និងសិទ្ធិរបស់អ្នកវិនិយោគ ជារឿងដ៏សំខាន់ ដើម្បីបង្កើនជំនឿចិត្តសម្រាប់អ្នកវិនិយោគបរទេស។

តំណាងក្រុមហ៊ុន «H.L.H Agriculture» ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធគោរព និងផ្តល់តម្លៃលើច្បាប់វិនិយោគ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជា។

ក្រុមកម្មករបម្រើការងារនៅក្នុងចំការដំឡូងនេះ នៅថ្ងៃទី០៨ ខែតុលា ក៏បានចេញមកតវ៉ា និងរារាំងសកម្មភាពសិក្សារុករ៉ែថ្មរបស់ក្រុមហ៊ុន ខេ.ភី។ ក្នុងដៃរបស់ពួកគេបានកាន់រូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានលើកបដាដោយសរសេរនូវពាក្យមួយចំនួនដូចជា៖ «សូមសម្តេចពុកជួយកូនចៅផង», «ពួកខ្ញុំមិនគាំទ្រឱ្យក្រុមហ៊ុន KP ស៊ីម៉ង់តិ៍ ឆៃ ជីងហ៊ាងរំលោភដីដែលកំពុងធ្វើការចិញ្ចឹមជីវិត», «ក្រុមហ៊ុន KP ស៊ីម៉ង់តិ៍ ឆៃ ជីងហ៊ាង ធ្វើឱ្យពួកខ្ញុំបាត់បង់ការងារ» និង «ក្រុមហ៊ុន KP ស៊ីម៉ង់តិ៍ ឆៃ ជីងហ៊ាង បំផ្លាញសម្បត្តិធម្មជាតិ»

ក្រុមកម្មករដែលបានចេញមករារាំងសកម្មភាពរបស់ក្រុមហ៊ុន ខេ.ភី ធ្វើសកម្មភាពសិក្សារករ៉ែនៅលើផ្ទៃដីជាដង្ហើមអាយុជីវិតរបស់ពួកគេនោះ បានបង្ហាញនូវក្តីព្រួយបារម្ភថា ការសម្រេចឱ្យក្រុមហ៊ុនខេ.ភី រករ៉ែថ្មនៅលើដីជាង ៤០០ហិកតា នាំឱ្យប៉ះពាល់ក្រុមហ៊ុន «H.L.H Agriculture» នាំឱ្យបាត់បង់ការងារប្រចាំថ្ងៃរបស់ពួកគេ។

លោក ហឹម ប៊ុនធឿន បានលើកឡើងថា «ក្រុមហ៊ុនេះដូចជាឆ្នាំងបាយរបស់ខ្ញុំអ៊ីចឹង ព្រោះតាំងពីឆ្នាំ២០០៨ មកដល់ឥឡូវ ពួកខ្ញុំរស់បានដោយសារក្រុមហ៊ុននេះ។ អ៊ីចឹងពួកខ្ញុំក៏ធ្វើការគិតមិនសុខចិត្ត មិនសប្បាយចិត្ត បើក្រុមហ៊ុននេះ (H.L.H Agriculture) បាត់បង់អ្វីម្យ៉ាងទៅ ដូចខ្ញុំបាត់បង់ដែរ បាត់បង់ទាំងការងារ។ ពួកខ្ញុំដាច់ខាតមិនអនុញ្ញាតឱ្យក្រុមហ៊ុន ខេ.ភី ហ្នឹង យកដី ឬកាត់ដីក្រុមហ៊ុននេះ»

ក្រុមកម្មករ បានអំពាវនាវដល់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់សកម្មភាពរុករករ៉ែថ្មី នៅលើដីកំពុងដាំដំឡូងក្នុងក្រុមហ៊ុន «H.L.H Agriculture» ទុកឱ្យក្រុមហ៊ុននេះដាំដំឡូងផ្តល់ការងារ និងចំណូលដល់ពួកគេ៕

សកម្មភាពបុគ្គលិកក្រុមហ៊ុន ខេភី ដើរបាញ់ថ្នាំកំណត់ទីតាំងលើដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនសិង្ហបុរី