(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នឹងអញ្ជើញដឹកនាំបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកនេះ នឹងពិភាក្សាទៅលើរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣។
២៖ សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។

ដោយឡែកបញ្ហាៗផ្សេងៗវិញ កិច្ចប្រជុំនឹងពិនិត្យលើសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិទៅលើសេចក្តីព្រាងច្បាប់មួយចំនួនទៀតរួមមាន៖

១៖ សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ពិធីសារទី៣ ស្តីពីសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ និងពិធីសារ៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights)រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម។

៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងកំណត់យកថ្ងៃសុក្រ នៃសប្តាហ៍នីមួយៗ បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិនិត្យ និងទៅលើសេចក្តីព្រាងច្បាប់នានា ក៏ដូចជាពិនិត្យទៅលើការងារទាំងឡាយរបស់រាជរដ្ឋាភិបាល។ តែសប្តាហ៍ខ្លះ បើនាយករដ្ឋមន្ត្រី និងមន្ត្រីជាក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល ជាប់រវល់ភារកិច្ចដទៃ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីក៏ត្រូវបានលើកផងដែរ៕