(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែតុលាឆ្នាំ ២០២០នេះ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានទទួលជួប លោកស្រី ឃ្លែរ កូណាន ( Claire Conan) តំណាង និងជានាយិការថ្មី នៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) ប្រចាំកម្ពុជា ជំនួសលោកស្រី ហ្វ្រង់សេស្កា អ៊ែឌឺមែន ដែលចប់អណត្តិការងារ។

ជំនួបនេះត្រូវបានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងនាមជានាយកថ្មីប្រចាំប្រទេស។

ក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ពីសារៈសំខាន់ ក៏ដូចជាសមិទ្ធផលការងារជាច្រើន ក្នុងភាពជាដៃគូសហការ ប្រតិបត្តិការកន្លងមករវាងស្ថាប័នទាំងពីរ ដែលចាំបាច់ត្រូវបន្តទៀត។

ឆ្លើយតបនឹងការលើកឡើងនេះ លោកស្រីនាយិការ បានជម្រាបជូនដោយសង្ខេបថា សម្រាប់អង្គការកម្មវិធីស្បៀងអាហារពិភពលោក ប្រទេសកម្ពុជា គឺជាប្រទេសអាទិភាពសម្រាប់ការងារបន្ត ហើយផែនការយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៣របស់ខ្លួននៅកម្ពុជា ក៏បានកំណត់ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារអាទិភាពមួយដែរ ក្នុងចំណោមអាទិភាពផ្សេងៗទៀត។

លោកស្រីថា ផែនការនេះ គឺស្របគ្នានឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការសកម្មភាពជាតិសម្រាប់កាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ជាពិសេសអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានា និងឧបត្ថម្ភស្បៀង និងអាហារូបត្ថម្ភដល់ជនងាយរងគ្រោះ និងសហគមន៍នៅទូទាំងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៧៩ ហើយប៉ុន្មានដប់ឆ្នាំ ចុងក្រោយនេះ បានចូលរួមយ៉ាងសកម្មក្នុងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។

ជាការបន្តកិច្ចសហការរួមគ្នា អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះកិច្ចព្រមព្រៀង ភាពជាដៃគូអនុវត្តគម្រោងកម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០១៩ ដល់២០២៣។

តាមរយៈជំនួបនេះ លោកស្រីនាយិការអង្គការកម្មវិធីស្បៀងអាហារពិភពលោក បានប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រ ដល់ការអនុវត្តព្រមព្រៀងនេះ ជាពិសេសលើការងារត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះមហន្តរាយ និងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយទាំងមូល៕