(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកកិច្ចប្រជុំគណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program - PFM) ដើម្បីពិភាក្សាអំពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ប្រចាំត្រីមាសទី ១ និងទី ២ ឆ្នាំ២០២០។

កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩៖០០នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាលទ្ធផល, ក្នុងត្រីមាសទី១ និងទី២ ឆ្នាំ២០២០, ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ សម្រេចបានដូចខាងក្រោម៖

* «ភាពជឿទុកចិត្តនៃថវិកា» គិតត្រឹមត្រីមាសទី២, ការអនុវត្តចំណូលសម្រេចបាន ៤៥.៣% ធៀបនឹងច្បាប់ដែលមានទំហំប្រមាណ១១,៩៣១ប៊ីលានរៀល ខណៈចំណាយថវិកាជាតិ សម្រេចបាន៤០.១% ក្នុងទំហំ៩,៧២៧ប៊ីលានរៀល។

ទន្ទឹមនេះ ការទូទាត់តាមប្រព័ន្ធធនាគារសម្រេចបាន ១០០% ក្នុងនោះក្រសួង- ស្ថាប័ន បានបើកបៀវត្សតាមប្រព័ន្ធធនាគារ២ដង ក្នុង១ខែ បានទាន់ពេលវេលា រីឯការគ្រប់គ្រងសាច់ប្រាក់ គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ពោលគឺ មិនមានការកកើតឡើងវិញ នៃបំណុលកកស្ទះឡើយ (គិតត្រឹម ៦០ ថ្ងៃ) ។

* «គណនេយ្យភាពហិរញ្ញវត្ថុ» ត្រឹមឆ្នាំ ២០២០, ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា (Financial Management Information System - FMIS) ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការនៅ អគ្គនាយកដ្ឋានគន្លឹះ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគារទាំង ២៥ រាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២៥ រាជធានី-ខេត្ត, និងគ្រប់ក្រសួង-ស្ថាប័នទាំង ៣៧។

ផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ២០២០-២០២៥ ទទួលបានការអនុម័ត។ ជាមួយគ្នានេះ, ចំណាត់ថ្នាក់ថវិកាទាំង ៧ (សេដ្ឋកិច្ច, កម្មវិធី, រដ្ឋបាល, ប្រភពមូលនិធិ, ភូមិសាស្រ្ត, មុខងារ និងគម្រោង) ត្រូវបានដាក់ឱ្យអនុវត្តក្នុងប្រព័ន្ធ FMIS។

* «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំ និងកំណត់ការផ្លាស់ប្ដូរប្រព័ន្ធថវិកាកម្ពុជា ឲ្យក្លាយជាឧបករណ៍ សម្រាប់ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ, គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២០, គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្ត ចំនួន២៤ ត្រូវបានដាក់ឲ្យអនុវត្តថវិកា កម្មវិធី ចំណែកឯរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវអនុវត្តនៅឆ្នាំ២០២១។

* «ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់» និង «គណនេយ្យភាពសមិទ្ធកម្ម», ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងត្រួតពិនិត្យ និងរៀបចំច្បាប់ស្ដីពីប្រព័ន្ធ ហិរញ្ញវត្ថថ្មី, កែសម្រួលអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្ដីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈ និងអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្ដីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ និងរៀបចំក្របខណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម»។

ជាមួយសមិទ្ធផលសម្រេចបានទាំងនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គ្រប់អង្គភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះបីកំពុងស្ថិតក្នុងវបត្តិកូវីដ-១៩ ក៏ដោយ, គ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៣ សម្រេចតាមគោលដៅដែលបានគ្រោងទុក៕