(ភ្នំពេញ)៖​ មនុស្ស៥នាក់បានរងរបួសធ្ងន់ និងស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៌មួយ ដែលបានកើតឡើងនៅម៉ោង១១៖០០នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ​ឆ្នាំ២០១៦​ តាមផ្លូវលេខ២៥៣ ​ត្រង់មុខសាលាបឋមសិក្សាទឹកល្អក់​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

បើតាមសំដីនារីដែលរងគ្រោះម្នាក់ ស្ថិតនៅក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរខាងលើនេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបនាងរួម និងគ្រួសាររបស់ថៅកែ៤នាក់ទៀត បានជិះរថយន្តសេរីទំនើបមួយគ្រឿង ពណ៌ស ស្លាកលេខភ្នំពេញ៖ 2U-8685 បើកបរដោយបុរស ដែលជាថៅកែម្នាក់ និងមានអ្នករួមដំណើរ៤នាក់ទៀតដែលមានស្រី មានប្រុស​ បានចេញពីកម្មវិធីជប់លៀងមួយ លុះដល់ពេលយប់ជ្រៅក៏បាននាំគ្នា ត្រឡប់មកផ្ទះវិញ ដោយបើករថយន្តតាមបណ្តោយផ្លូវលេខ២៥៣ ​ក្នុងល្បឿនយ៉ាងលឿន​ លុះបើកមកដល់ចំនុចកើតហេតុ ដោយសារមានផ្លូវបំបែក ធ្វើឲ្យថៅកែដែលបើកបររថយន្ត​ គេចមិនទាន់បានបើកទៅបុកបង្គោលភ្លើងបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ និងស្រាល៥នាក់​តែម្តង រឺឯរថយន្ត និងបង្គោលភ្លើងត្រូវបានខូចខាតយ៉ាងដំណំផងដែរ​។

ចំណែកអ្នករងរបួសទាំង៥នាក់ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនាំគ្នា​ យកចេញពីរថយន្តដើម្បីយកទៅសង្គ្រោះអាយុជីវិតផងដែរ។ ក្រោយកើតហេតុរថយន្តត្រូវបានខាងជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាន រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕