(ប៉ៃលិន)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញសហការជាមួយ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃ៣ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការដាក់ចេញ នូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត ស្ថិតនៅផ្សាប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ប៉ៃលិន។

លោក ឈឹម វាសនា ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តប៉ៃលិន បានឲ្យដឹងថា ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ ជាពិសសកុមារ សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តប៉ៃលិន បានអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានផ្ទាល់ គឺត្រួតពិនិត្យមើល ស្រាវជ្រាវ តាមដាន និងមានវិធានការ ចំពោះផលិតផលម្សៅទឹកដោះគោ ដែលមិនមានអនុលោមភាព អំពីស្លាកសញ្ញា ស្របតាមអនុក្រឹត្យ១៣៣ ស្ដីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ និងសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម លេខ ២៣៨៣ ពណ.អ.កបប ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ និងសេចក្ដីជូនដំណឹងលេខ ២៧៣៣ ពណ.អ.កបប ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការដាក់ចេញវិធានការចំពោះផលិតផលម្សៅទឹកដោះគោ សម្រាប់ចិញ្ចឹមទារក និងកុមារម៉ាកនូទ្រីលែត ( Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩។

ជាមួយគ្នានោះ លោកក៏បានណែនាំផ្សព្វផ្សាយដល់អាជីវករថា គ្មានអ្វីប្រសើរជាងការបំបៅកូន ដោយទឹកដោះម្តាយ តែមួយមុខគត់រហូតដល់៦ខែ ទន្ទឹមនឹងនេះត្រូវយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។

សូមបញ្ជាក់ថា៖ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យភាពគុណភាព និងស្លាកសញ្ញាជាអក្សរខ្មែរ លើផលិតផលម្សៅទឹកដោះគោ ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៣៨៣ ពណ. អ.កបប ចុះថ្ងៃ ២៨ កក្កដា ២០២០ ពាក់ពន្ធ័នឹងផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។

ជាពិសេស មន្ត្រីសាខា ក.ប.ប. បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។ ជាលទ្ធផលម្សៅទឹកដោះគោម៉ាកនូទ្រីលែតដែលមាន B/N ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ មិនមានចរាចរលក់ឡើយ៕