(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី០៧ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយបញ្ជាក់ថា មានប្រជាពលរដ្ឋ ១៧.៧៤៥នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសមានដូចខាងក្រោម៖

* ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៧.៧៤៥នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣៥.៧១០នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៣០.៣៦៣នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២៩.៣៧៩នាក់។

បើតាម គ.ជ.ប, ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

គ.ជ.ប ថែមទាំងអញ្ជើញប្រជាពលរដ្ឋទាំងអស់៖

* ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង
* ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន។

សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/taxonomy/term/327 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រចាំថ្ងៃ៕