(កណ្តាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រជុំបូកសរុបលទ្ធផលក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកលើកដែក ក្នុងរយៈពេល៩ខែ និងផែនការងារត្រីមាសទី៤ ឆ្នាំ២០២០។

កិច្ចប្រជុំនោះដោយមានការចូលរួមពីអស់លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារស្រុក ដែលជាមន្ត្រីនៅថ្នាក់ជាតិ ខេត្ត ស្រុក ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អាជ្ញាធរស្រុក និងមន្ត្រីមូលដ្ឋានភូមិ-ឃុំមានជាអាទិ៍ មេឃុំ ជំទប់ឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិទាំងអស់នៅក្នុងស្រុក ដែលប្រព្រឹត្តទៅនៅសាលាស្រុកលើកដែក។

លោក ហេង រតនា បានលើកឡើងថា លោកពិតជាមានមោទនភាពជាមួយកំណែទំរង់ខាងក្នុង នៃថ្នាក់ក្រោមជាតិ បង្កើនប្រសិទ្ធភាពផ្តល់សេវាសារធាណៈកាន់តែល្អប្រសើរ លុបបំបាត់ក្តីព្រួយបារម្ភសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងក្លាយជាអាជ្ញាធរថ្នាក់ក្រោមជាតិមួយ មានទំនុកចិត្តពីប្រជាជនពិតប្រាកដ។ នៅមានភារកិច្ចចំពោះមុខយ៉ាងច្រើនទៀត ដូចជាការបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត ទីផ្សារដំណាំកសិកម្ម បរិស្ថានស្អាតការរស់នៅកាន់តែល្អជាដើម...ដែលទាំងនេះ ជាកម្មវិធីនយោបាយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល កំពុងខិតខំដឹកនាំក្រោមម្លប់នៃសន្តិភាពនេះ!
ទស្សនវិស័យ ថ្នាក់ដឹកនាំស្រុក គឺចង់ប្រែក្លាយស្រុកលើកដែកពីស្រុកបែបជនបទ ទៅជាស្រុករីកចំរើនទាន់សម័យ (ស្រុកបែបទីក្រុង)។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍លទ្ធផលការងាររបស់អភិបាលស្រុកលើកដែកខេត្តកណ្តាល ដែលសម្រេចបានក្នុងរយៈពេល៩ខែ ឆ្នាំ២០២០កន្លងមកនេះ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមការងារ និងប្រជាពលរដ្ឋ លើកម្លាំងសាមគ្គីប្រជាជាតិ ទាំងមូលក្រោមការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខតាមរយៈវិធានការផ្សេងៗ ក្នុងការប្រយុទ្ធឈ្នះកូវីដ១៩ ដើម្បីនាំសង្គមជាតិទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញឆាប់រហ័ស។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកលើកដែក បានកោតសរសើរចំពោះការដោះស្រាយ និងបង្ក្រាបករណីគ្រឿងញៀន ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោក ហេង រតនា ក៏បានពន្យល់ក្រុមការងារទាំងអស់ អំពីសភាពការណ៍វិវត្តន៍ថ្មីៗក្នុងសង្គម ក៏ដូជាពិភពលោក ពិសេសពាក់ព័ន្ធការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និងការត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនាំមកនូវប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។

លោកប្រធានក្រុមការងារក៏បានជំរុញក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវសហការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងពង្រឹងការងារចុះធ្វើវេទិកាសាធារណៈ ដើម្បីក្តាប់សំណូមពររបស់ប្រជាជន តាមការណែនាំ និងអនុសាសន៍របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល។

ពាក់ព័ន្ធថវិកាអភិវឌ្ឍន៍ឃុំ លោកប្រធានក្រុមការងារជំរុញឲ្យប្រើប្រាស់លើអ្វីដែលជាអាទិភាព ចំទិសដៅ និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀតត្រូវបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ រហ័ស កាត់បន្ថយពេលវេលា កុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់៕