(ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគជាទឹកប្រាក់សរុបចំនួន ៣៥២,៩៣៤ដុល្លារអាមេរិក និង ១,៩២០,០៧៤,១៤៩រៀល ដោយរួមទាំងថវិកាបរិច្ចាគចំនួន ១៣,០១៥ ដុល្លារអាមេរិក និង ៨,៩៥០,០០០រៀល ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំងថវិកាបរិច្ចាគចំនួន ១០០,៤០៥ ដុល្លារអាមេរិក និង ៦៩,៧៩៣,០០០រៀល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប)។

សេចក្តីប្រកាសព័ត៌មានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែតុលានេះបានបញ្ជាក់ថា ចំនួនថវិកាសរុបនេះ ទទួលបានពីការបរិច្ចាគពីសំណាក់សប្បុរសជនចំនួន ៣៥,៤១២រូប ដែលរួមមាន សមាជិកកិត្តិយសចំនួន១៣រូប, សមាជិកគាំទ្រចំនួន ៣៣,០៣២រូប, សប្បុរសជនផ្សេងៗ ចំនួន ២,៣៦៧ រូប, និងថវិកាទទួលបានមកពីហិប នៅតាមគោលដៅចំនួន១២ទីតាំង។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានាឲ្យបាន នូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា និងសូមលើកទឹក ចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃសេវាជាមួយ៖

* ធនាគារ ABA (គណនីប្រាក់រៀល៖ 000791704, ប្រាក់ដុល្លារ៖ 000791702)
* ធនាគារ ACLEDA (គណនីជាប្រាក់រៀល៖ 0001-0341273813, ប្រាក់ដុល្លារ៖ 0001-0341273824)
* ធនាគារ Canadia (គណនីប្រាក់រៀល៖ 001-0004517348, ប្រាក់ដុល្លារ៖ 001-0004517337)
* ធនាគារ Chip Mong (គណនីប្រាក់រៀល៖ 10115556, ប្រាក់ដុល្លារ៖ 10115555)
* ភ្នាក់ងារ Wing (គណនីប្រាក់រៀល៖ 5559, ប្រាក់ដុល្លារ៖ 5558) និងភ្នាក់ងារ True Money (គណនី៖ 1992) ឬតាមរយៈការអញ្ជើញមកបរិច្ចាគដោយផ្ទាល់ នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬរយៈលេខទូរសព្ទ៖ ០៦១ ៧០ ១១១១។

សប្បុរសជននានាអាចចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល/៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុងមួយខែ/៦០,០០០រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនៈវិស័យ កុមារជាអនាគតរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំងនៅកម្ពុជា តាមរយៈការចូលរួម បរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស៕