(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងស្តាប់ព័ត៌មានសង្ខេបអំពីស្ថានភាពទូទៅ នៅក្នុងខេត្តស្វាយរៀង។

ថ្លែងទៅកាន់ លោក Masahiro MIKAMI លោកអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ក្រុមហ៊ុនជប៉ុនបានបណ្តាក់ទុនវិនិយោគជាច្រើនក្រុមហ៊ុន ដែលបានផ្តល់ការងារ ធ្វើជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងមកពីតាមបណ្តាខេត្តសរុបជាង ៨ម៉ឺននាក់។

លោក ម៉ែន វិបុល បានថ្លែងនូវការអរគុណចំពោះជំនួយរបស់ជប៉ុន ជួយដល់វិស័យរដ្ឋនានាក្នុងខេត្ត ព្រមទាំងក្រុមហ៊ុនដែលបានមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្ត ជាបន្តបន្ទាប់នាពេលកន្លងមក។

លោកក៏អរគុណចំពោះលោក Masahiro MIKAMI ដែលបានឆ្លៀតពេលពេលវេលាមកសិក្សាស្វែងយល់ពីស្ថានភាពទូទៅ អំពីសក្ដានុពល និងការអភិវឌ្ឍខេត្ត ការពង្រឹងចំណងកិច្ចសហ ប្រតិបត្តិការរវាង ប្រទេសជប៉ុន និងខេត្តស្វាយរៀង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុន និងខេត្តស្វាយរៀង ជាពិសេសក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិ របស់អ្នកវិនិយោគជប៉ុន ដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀង ព្រមទាំងឱកាសវិនិយោគបន្ថែមទៀតនាពេលខាងមុខ៕