(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បង្កើតល្បែងកីឡាជាតិ (National Games) ហើយ។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមលិខិតនោះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមអនុញ្ញាតជាគោលការណ៍ ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតល្បែងកីឡាជាតិ (National Games) ចាប់ពីឆ្នាំ២០១៦តទៅ ដោយធ្វើឡើងរៀងរាល់២ឆ្នាំម្តង ឱ្យបាន៤ដង ដល់ឆ្នាំ២០២៣ ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា ចំណែកថវិកាសម្រាប់​ប្រកួតល្បែងកីឡាជាតិនេះ ក្រសួងអប់រំ ត្រូវបង្វែរ​ថវិកា​ពីការផ្អាក​ការប្រកួតភូមិ​ភាគ​ និងទូទាំងប្រទេស​៤ប្រភេទ កីឡាប្រចាំឆ្នាំ រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាអត្តពលកម្ម រួមផ្សំជាមួយការ​ស្វែងរកគាំទ្រ​ពីដៃគូឯកជន ដែលសហការជាមួយ​គណៈកម្មាធិការ​ជាតិអូឡាំ​ពិកកម្ពុជា បំពេញបន្ថែម ៕