(ភ្នំពេញ)៖ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានក្រើនរំលឹកមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា ឱ្យបំពេញការងារដោយគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោរពអធិបតេយ្យភាព និងដែនសមត្ថកិច្ចរបស់កម្ពុជា។

ការក្រើនរំលឹករបស់លោក អាន សុខខឿន បានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់លោកក្នុងសម័យប្រជុំលើកទី៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីតួនាទី និងសមិទ្ធផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។

កម្ពុជា តែងតែមានរឿងចម្រូងចម្រាស់លើបញ្ហាសិទ្ធិមនុស្សនេះ ហើយមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តែងតែរាយការណ៍មិនល្អនោះឡើយពីការអនុវត្តន៍សិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីតួនាទី និងសមិទ្ធផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហាក់ជាឱកាស និងជាព្រនង់មួយសម្រាប់តំណាងរបស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ព្រលះតបទៅមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជាវិញ។

លោក អាន សុខខឿន បានក្រើនរំលឹកក្នុងកិច្ចប្រជុំថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅម្ពុជា ដែលជាការិយាល័យមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក បាននិងកំពុងទទួលបាននូវកិច្ចសហប្រតិបត្តិការដោយបើកចំហ និងស្មោះត្រង់ពីរាជដ្ឋាភិបាលកម្ពុជា។

តំណាងរបស់កម្ពុជារូបនេះ បានបន្ថែមថា វាជាការចាំបាច់ណាស់ដែល OHCHR ត្រូវអនុវត្តអាណត្តិរបស់ខ្លួនដោយអនុលោមតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត អ.ស.ប (A/RES/48/141) ស្តីពីការបង្កើតការិយាល័យនេះ ហើយដែលកំណត់ឱ្យ OHCHR ប្រតិបត្តិការស្របតាមធម្មនុញ្ញរបស់ អ.ស.ប និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនសមត្ថកិច្ចក្នុងស្រុករបស់រដ្ឋ ដែលខ្លួនកំពុងប្រតិបត្តិការ។

ទន្ទឹមនឹងការព្រលះមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដោយត្រង់ៗហើយនោះ លោក អាន សុខខឿន ក៏បានគូសរំលេចពីស្មារតី និងឆន្ទៈនៃការអនុវត្តន៍ច្បាប់ដែលមានតម្លៃជាសាកលមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកថា ច្បាប់ទាំងអស់របស់កម្ពុជាត្រូវបានសិក្សានិងរៀបចំដោយយកចិត្តទុកដាក់ ដោយផ្អែកលើគំរូតាមបណ្តាប្រទេស និងតំបន់ផ្សេងៗ និងសម្របតាមស្ថានភាពរបស់កម្ពុជា។

លោក សុខខឿន ក៏បានលើកនូវអំណះអំណាងមួយចំនួនលើការបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានជាដើម។ លោកបានអះអាងថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ដែលប្រកាន់ខ្ជាប់នូវគោលការណ៍នៃនីត្យានុកូលភាព ភាពសមាមាត្រ និងភាពចាំបាច់ នៅមិនទាន់យកមកអនុវត្តម្តងណាឡើយ។ ប្រសិនបើចាំបាច់ត្រូវប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ច្បាប់នេះតម្រូវឱ្យមានការឯកភាពកុងសង់ស៊ីសពីនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងព្រះមហាក្សត្រ ដែលយន្តការនេះឆ្លុះបញ្ចាំងពីតុល្យភាពនិងការត្រួតពិនិត្យនៃអំណាចនៅកម្ពុជា។

ដោយឡែកការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពវិញ ត្រូវបានធ្ធ្វើដោយអនុលោមតាមអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ។ សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលនឹងត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីសម្រាប់ការអនុម័តឆាប់ៗខាងមុខនេះ ត្រូវបានពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ។

លោក អាន សុខខឿន ក៏បានលើកឡើងបង្ហាញពីការកំពុងពិនិត្យ និងសិក្សាអំពីនីត្យានុកូលភាពនៃសំណើធ្វើវិសោធនកម្មលើមាត្រាចំនួន១៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោក សុខខឿន បានលើកឡើងទៀតថា ដូចប្រទេសដទៃទៀតដែរ វត្តមានរបស់មន្រ្តីនគរបាលនៅក្បែរទីកន្លែងរៀបចំព្រឹត្តិការណ៍ផ្សេងៗ មិនគួរត្រូវបានបកស្រាយថា ជាការបំភិតបំភ័យឬការរំខានឡើយ។

លោកបានសង្កត់ធ្ងន់លើបញ្ហានេះថា មន្ត្រីគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបង្ការភាពចលាចល ឬអសន្តិសុខនានា ដែលអាចកើតមានឡើងជាយថាហេតុ។ ពួកគាត់បានទទួលនូវការណែនាំយ៉ាងច្បាស់ ឱ្យជួយសម្រួលរាល់សកម្មភាពស្របច្បាប់ របស់អង្គការសង្គមស៊ីវិល។ រាជរដ្ឋាភិបាលនៅបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានាដែលអង្គការសង្គមស៊ីវិលជួបប្រទះ តាមរយៈវេទិកាភាពជាដៃគូ ដែលបានរៀបចំជាទៀងទាត់។

តំណាងរបស់កម្ពុជា ក៏បានលើកបង្ហាញផងដែរ ពីការគិតគូរដល់ជីវភាព សុខទុក្ខ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាពុំមានគោលនយោបាយបណ្តេញពលរដ្ឋចេញពីទីតាំងដីដោយបង្ខំទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលតែងតែផ្តោតយកចិត្តទុកដាក់លើគ្រួសារក្រីក្រ និងគ្មានដី។

លោកបន្តថា វិធានការមួយចំនួនត្រូវបានដាក់ចេញ ដើម្បីធានាសិទ្ធិកាន់កាប់ដីធ្លី និងកាត់បន្ថយទំនាស់ដីធ្លី។ នៅដើមឆ្នាំនេះ ៨១% នៃប័ណ្ណកម្មសិទ្ធិចំនួន ៧លាន ត្រូវបានចុះបញ្ជីដោយជោគជ័យ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តចុះបញ្ជីឱ្យបានចប់ទាំងអស់នៅឆ្នាំ២០២១។ ប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសឈានមុខគេមួយក្នុងទ្វីបអាស៊ីដែលបានទទួលស្គាល់អត្តសញ្ញាណ និងបានចុះបញ្ជីកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច។

លោក អាន សុខខឿន បានលើកឡើងដែរថា កម្ពុជាបន្តយកចិត្តទុកដាក់លើកិច្ចការពារសិទ្ធិរបស់បុគ្គលដែលត្រូវបានដកហូតសេរីភាព។
យុទ្ធនាការរបស់ក្រសួងយុត្តិធម៌សំដៅដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ បានសម្រេចលទ្ធផលបានលើស ៦៥% រួចហើយ ដែលបានចូលរួមដោះស្រាយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ។ វិធានការបង្ការ ត្រូវបានដាក់ចេញផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមពន្ធនាគារ។ ការសម្ភាសន៍សម្ងាត់ជាមួយជនជាប់ឃុំ អាចប្រព្រឹត្តទៅបាន ដោយអនុលោមតាមច្បាប់ពន្ធនាគាររបស់ប្រទេសកម្ពុជា និងកាតព្វកិច្ចក្រោមអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធ ដែលកម្ពុជា ជារដ្ឋភាគី៕