(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសឲ្យដឹងថា សម្ដេចបានសម្រេចឲ្យសាងសង់ផ្លូវជាតិ សំខាន់ៗចំនួន៣គម្រោងទៀត នៅខេត្តកំពត ដែលគម្រោងទាំងនេះ នឹងសុំខ្ចីថវិកាពីរដ្ឋាភិបាលចិន ដើម្បីសាងសង់។

ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងផ្លូវជាតិ៣បន្ថែមទៀតនេះ រួមមាន ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកំពត, ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នៅខេត្តកំពត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងពិធីដែលមានការអញ្ជើញចូលរួមពីលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែរនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំបានសម្រេច គម្រោង៣ សុំលុយពីចិនទៀតហើយ ព្រោះចរចារត្រូវថ្លៃហើយ ទី១៖ ផ្លូវលេខជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅខេត្តកំពត, ទី២៖ ផ្លូវជាតិលេខ៣១ នៅកំពត និងទី៣៖ ផ្លូវជាតិលេខ៣៣ នៅខេត្តកំពតទៀត»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី គម្រោងទាំងបីខាងលើនេះ បានបញ្ចប់ការចរចារ និងឯកភាពគ្នារួចរាល់ ហើយបានប្រគល់ឲ្យឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចុះហត្ថលេខាសាងសង់តែម្ដងមិនទុកយូរនោះឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា រហូតមកដល់ពេលនេះ ការដ្ឋានស្ថាបនាផ្លូវរបស់ចិន និងការដ្ឋានស្ថាបនាផ្លូវផ្សេងៗទៀត នៅបន្ដដំណើរការធម្មតា មិនមានការរាំងស្ទះអ្វីនោះទេ។ សម្ដេចបញ្ជាក់ថា ដោយសារមានហេដ្ឋារចនាសម្ព័ន្ធនេះហើយ ទើបបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងប្រកបរបរផ្សេងៗ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយកសាងផ្លូវ និងស្ពាននៅកម្ពុជា តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្ដែសម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះការលើកឡើងមួយចំនួនដែលថា កម្ពុជាចាប់ចិន រណបចិន បោះបង់មហាអំណាចដទៃ ហើយត្រង់ចំណុចនេះ សម្តេចតេជោបានចោទសួរថា បើចិនមិនជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ តើនរណាជួយ?។

ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា ធ្លាប់បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ ខ្លួនបានជួយកម្ពុជាកសាងផ្លូវថ្នល់ចំនួន ៣១ខ្សែ និងស្ពានចំនួន៨កន្លែង ដែលមានប្រវែងសរុបជាង ៣,០០០គីឡូម៉ែត្រ។ ជំនួយរបស់ចិនភាគច្រើនជាប្រភេទសម្បទាន ដែលផ្តោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាផ្លូវថ្នល់ ថាមពល និងកសិកម្មជាដើម។

ក្នុងឆ្នាំ២០១៨ ចិនបានផ្តល់ជំនួយប្រមាណ ៧៤០លានដុល្លារ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសកម្ពុជា។ បន្ថែមលើនេះទៅទៀត ក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង នៅទីក្រុងប៉េកាំងកាលពីខែមករា ឆ្នាំ២០១៩ ភាគីចិនបានសន្យាថា នឹងផ្តល់ជំនួយប្រមាណ ៤ពាន់លានយ័ន (ប្រហែល ៥៨៧.៦លានដុល្លារ) បន្ថែមទៀតសម្រាប់រយៈពេលបីឆ្នាំទៅមុខ៕