(មណ្ឌលគិរី)៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានព្រមានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងឡាយណា  ដែលធ្វើខុសកិច្ចព្រមព្រៀង និងច្បាប់អនុញ្ញាត។ ការព្រមានរបស់លោក ស៊ុយ សែម បានធ្វើឡើង ក្នុងពេលដែលរូបលោកអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់អាគារដ្ឋបាលមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោក ស៊ុយ សែម បានថ្លែងថា «បើក្រុមហ៊ុនណាធ្វើបានល្អនឹងលើកទឹកចិត្តឲ្យធ្វើបន្ត ប៉ុន្តែក្រុមហ៊ុនណា ធ្វើខុសកិច្ចព្រមពៀង ក្រ សួងមានសិទ្ធិពេញទីក្នុងការលុបចោលអាជ្ញាប័ណ្ណ និង ឱ្យក្រុមហ៊ុននោះ បញ្ឈប់សកម្មភាពរបស់ខ្លួន។ ក្រុមហ៊ុនមានអាជ្ញាប័ណ្ណឱ្យ ធ្វើការសិក្សា និងក្រុមហ៊ុនមានអាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មរ៉ែ ប៉ុន្តែក្រុមហ៊ុនត្រូវតែគោរពឱ្យបានហ្មត់ចត់ តាមប្រការទាំងឡាយណាក្នុង កិច្ចព្រមព្រៀង ក្នុងអាជ្ញាបណ្ណដែលបានកំណត់ មានផ្ទៃដី ផែនទី ទីតាំង ជាដើម មិនអនុញ្ញាតឲ្យធ្វើអ្វីស្រេចតែចិត្តនោះទេ»

លោករដ្ឋមន្រ្តី ស៊ុយ សែម ក៏បានពន្យល់ផងដែរថា ពីការអនុញ្ញាតឱ្យក្រុមហ៊ុនមកធ្វើអាជីវកម្មរ៉ែនៅកម្ពុជា។ លោកថា ការធ្វើអាជីវកម្ម នេះ មិនមែនដើម្បីផលប្រយោជន៍តែក្រុមហ៊ុនម្ខាងនោះទេ គឺផលប្រយោជន៍ប្រទេសជាតិផងដែរ ព្រោះរ៉ែនៅក្នុងដី បើមិនឲ្យក្រុមហ៊ុន ធ្វើអាជីកម្មទេ វាកប់ចោលនៅក្នុងដីរហួត ដូចច្នេះទ្រព្យសម្បត្តិរបស់ជាតិនៅក្នុងដីមិនអាចយកមកប្រើប្រាស់បានទេ៕