(ភ្នំពេញ)៖ នារីខ្មែរ ៣នាក់ទៀតហើយ ដែលគេជួញដូរយកទៅរៀបការជាមួយបុរសជនជាតិចិន ត្រូវបានជួយសង្រ្គោះនៅក្នុងប្រទេស វៀតណាម និងនាំត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងកាបរទេសកម្ពុជា។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរ​មានសមត្ថកិច្ច​វៀតណាម អន្តរាគមន៍ជួយសង្គ្រោះស្រ្តីខ្មែររងគ្រោះចំនួន ០៣នាក់ ពីការជូញដូរមនុស្សខុសច្បាប់នាំទៅរៀបការនៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម។ ស្រ្តីខ្មែរទាំង ៣នាក់ត្រូវបានបញ្ជូន​តាមរថយន្តក្រុងត្រឡប់មកកម្ពុជាតាមច្រកអន្តរជាតិបាវិត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ស្រ្តីខ្មែរ ដែលរងគ្រោះត្រូវគេនាំយកទៅរៀបការជាមួយបុរសចិននេះរួមមាន៖ ឈ្មោះ សន សាវឿន  អាយុ ២៤ ឆ្នាំ នៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ, ឈ្មោះ រស់ រ៉ានី អាយុ ២៨ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល និងម្នាក់ទៀត ឈ្មោះ គាំ កុល អាយុ ២៣ឆ្នាំ នៅភូមិបាត់ឡាស្នាប់ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្រៅពីការជួយសង្រ្គោះស្រ្តីខ្មែរទាំង ៣រូបនេះ មន្រ្តីអគ្គកុងស៊ុលរបស់កម្ពុជា ប្រចាំនៅខេត្តសាកែវ ប្រទេសថៃ ក៏បានអន្តរាគមន៍ជួយ ពលករ ពលការិនីខ្មែរ ២នាក់ ដែលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ផងដែរ។

បើតាមលោក ជុំ សុន្ទរី បានឲ្យដឹងថា ពលករ ពលការិនីខ្មែរ ០២នាក់ ដែលធ្វើការនៅរោងចក្រផលិតស្ករនៅស្រុកវឌ្ឍនាណាខន ប្រទេសថៃ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន ពីបទពុំមានឯកសារ​ស្របច្បាប់​ទៅ​ធ្វើការនៅប្រទេសថៃ។ ក្រោយទទួលបានដំណឹងនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានចុះអន្តរាគមន៍ជួយពួកគេភ្លាមៗ ហើយសម្រួលជាមួយសមាគមកសិកម្ម ព្រំដែន ដើម្បីចុះឈ្មោះពលករ ពលការិនីទាំងពីរនាក់ ឲ្យក្លាយជាកម្មកររោងចក្រស្ករដោយស្របច្បាប់ និងឲ្យវិលត្រលប់ទៅធ្វើការ នៅរោងចក្រស្ករដូចដើម ដោយពុំចាំបាច់បញ្ជូនមកកម្ពុជាវិញនោះឡើយ។
ពលរដ្ឋខ្មែរទាំងពីរនាក់ ដែលបានមន្រ្តីអគ្គកុងស៊ុលខ្មែរជួយអន្តរាគមន៍នេះ មានឈ្មោះ ឃី ខា ភេទប្រុស អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប និងម្នាក់ទៀត ឈ្មោះ ធួន ណា ភេទស្រី  អាយុ ៣៣ឆ្នាំ  នៅស្រុកពួក ខេត្តសៀមរាប៕