(កំពង់ធំ)៖ លោក ហេង ថាន អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ប្រាសាទសំបូរព្រៃគុកចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីផលប្រយោជន៍ជាតិ។

លោកបានថ្លែងយ៉ាងដូច្នេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ការពារបេតិកភណ្ឌ នៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលរៀបចំដោយនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិសំបូរព្រៃគុក នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដោយមានការចូលរួមពីអាជ្ញាធរស្រុក នគរបាលបេតិកភណ្ឌ និងប្រជាពលរដ្ឋជាអាជីវករជាង ១០០នាក់។

លោកបានបន្តថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលរស់នៅក្នុងតំបន់នោះឱ្យបានដឹងពីបទដ្ឋានគតិយុត្តនានា និងស្វែងយល់ពីកិច្ចការពារក្នុងការចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ ដែលជាកេរតំណែលរបស់ដូនតា។

លោកបានបន្តថា អាជ្ញាធរជាតិសំបូរព្រៃគុកមានភារកិច្ចការពារ អភិរក្ស និងថែរក្សាស្លាកស្នាមរចនាសម្ព័ន្ធដែនដីក្រុងបុរាណ ប្រាសាទ ទំនៀមទម្លាប់ប្រពៃណី បែបបទនៃការរស់នៅរបស់ប្រជាជន និងទម្រង់សំណង់ផ្សេងៗនៅក្នុងតំបន់ការពាររមណីយដ្ឋានសំបូរព្រៃគុកឲ្យបានគង់វង្ស ហើយការការពារ និងអភិវឌ្ឍន៍ក្នុងដែនការពាររមណីយដ្ឋានសំបូរព្រៃគុក ដោយផ្អែកលើមូលដ្ឋានសំខាន់ ៣ មានមនុស្ស មរតកវប្បធម៌ និងធម្មជាតិ ឱ្យមានសុខដុមរមនា និងតុល្យភាពគ្នា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស៊ុន វុឌ្ឍី ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ បានស្នើឲ្យអ្នបកចូលរួមទាំងអស់យកទៅផ្សព្វផ្សាយ ដើម្បីផ្ដល់ការយល់ដឹងដល់កងកម្លាំងនគរបាលការពារបេតិកភណ្ឌ ដែលឈរជើងការពារប្រចាំរមណីដ្ឋាន និងដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋជាអាជីវកររស់នៅក្នុងតំបន់ទាំង ៣ ឲ្យយល់ដឹងអំពីច្បាប់នៃកិច្ចការពារបេតិកភណ្ឌច្បាប់ការពារបេតិកភណ្ឌ។

លោកក៏បានអំពាវនាវដល់ក្រុមអាជីវករដែលមានផលប៉ះពាល់នៅក្នុងតំបន់នេះចូលរួមទាំងអស់គ្នា ព្រោះប្រសិនបើពួកគាត់មិនចូលរួមចំណែកទេ ទោះបីកងកម្លាំងទាំងអស់ការពារយ៉ាងណាក៏អត់អាចទៅរួចដែរ។

លោកបានលើកឡើងថា ភូមិដែលស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកមាន ១៣ភូមិ គឺឃុំសំបូរ មានភូមិសំបូរ
ភូមិកំពង់ឈើទាល ភូមិសំរឹទ្ធិ ភូមិអូគ្រូកែ ភូមិអាត់ស៊ូ ភូមិពោធិ៍ទ្រេត ភូមិជាយសំពៅ ភូមិតាធាវ, ឃុំជ័យ មានភូមិជ័យ, ឃុំតាំងក្រសៅ មានភូមិកំពង់ឈើទាល, ឃុំសាលាវិស័យ មានភូមិដងអន្ទាក់ ភូមិចំណារ និងបុសស្រមោច។

គួរបញ្ជាក់ថា ប្រាសាទសម្បូរព្រៃគុកជាប្រាសាទរបស់ខ្មែរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ ២៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ ៦២ បត់ស្តាំតាមផ្លូវកូនត្នោតហើយប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះថា «ឥសានបុរៈ» ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិសថ្វាយដល់ព្រះសិវៈ។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកនេះសម្បូរទៅដោយក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលត្រូវបានចាត់ជាដីតំបន់ផ្សេងគ្នាតំបន់ទី១ ជាតំបន់ស្នូលដែលមានផ្ទៃក្រឡាសរុប ១៣៥៤.២៦ ហិចតា តំបន់ទី២ ជាតំបន់ទ្រនាប់ដែលមានផ្ទៃក្រឡាសរុប ២០០៩.៣០ ហិចតា និងតំបន់ទី៣ ជាតំបន់ទ្រនាប់ដែលមានចម្ងាយពីខ្សែបន្ទាត់តំបន់ទ្រនាប់ ១,៥០០ ម៉ែត្រ៕