(ភ្នំពេញ)៖ ដោយមើលឃើញពីវឌ្ឍនភាពនៃវិស័យអាជីវកម្មទីផ្សារបណ្ដាញ ក៏ដូចជាបណ្ដាញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក (E-Commerce) កាន់រីកដុះដាលច្រើនឡើងៗ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះជនឆ្លៀតឱកាសមួយចំនួន ដែលឆក់យកឱកាសនេះធ្វើជាឈ្នាន់បោកប្រាស់ ប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មដូចគ្នា។

ការយកចិត្តទុកដាក់នេះត្រូវបានបង្ហាញឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

ដោយមើលឃើញពីបញ្ហាដ៏ព្រួយបារម្ភនេះហើយ ទើបបានជាលោក ឡី សុភាព បានអំពាវនាវជាថ្មីដល់អ្នកប្រកបអាជីវកម្មតាមបណ្ដាញ E-Commerce និងអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ ត្រូវតែគោរពតាមបទប្បញ្ញត្តិច្បាប់របស់កម្ពុជាឱ្យបានត្រឹមត្រូវ ជៀសវាងមានការបោកបន្លំ ឬធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសត្រូវគោរពតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ម្យ៉ាងវិញទៀត លោកក៏បានអំពាវនាវដល់អ្នកប្រកបអាជីវកម្មតាមបណ្ដាញ E-Commerce និងអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ សូមមកទទួលការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានចំណេះដឹងផ្នែកច្បាប់ អាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចជាចំណេះដឹងពាក់ព័ន្ធដទៃទៀត ក្នុងការយកទៅប្រើប្រាស់សម្រាប់អាជីវកម្មរបស់ខ្លួន ជៀសវាងឱ្យបានពីការចាញ់បោកជនទុច្ចរិតទាំងនោះ។

ប្រធានសមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជារូបនេះបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំច្រើនណាស់ក្នុងការធ្វើប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ តួយ៉ាងវិស័យទីផ្សារបណ្ដាញនេះ ក៏កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ៕