(បាត់ដំបង)៖ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ បាក់រលំខូចខាតលំនៅដ្ឋាន ដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី កែវ សេង លន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ បានដឹកនាំកម្លាំងរបស់កងពល ចុះជួយរុះរើ និងសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋឡើងវិញ។

ការចុះជួយរុះរើ និងសាងសង់លំនៅដ្ឋាន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដោយយោធិននៃកងពលតូចថ្មើរជើងលេខ៥៣ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ចុះជួយស្រុកភ្នំព្រឹក។ ករណីខ្យល់កន្ត្រាក់នេះ បានបង្កឲ្យខូចខាតដល់ដំណាំកសិផលជាច្រើន និងបាក់រលំផ្ទះប្រជាពលរដ្ឋ សរុបអស់ចំនួន២៧ខ្នង ស្ថិតនៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នៅក្នុងប្រតិបត្តិការនោះ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជួយឧបត្ថម្ភស័ង្កសីជាច្រើនសន្លឹក តាមរយៈកងពលផងដែរ។

ក្នុងឱកាសនោះ លោកមេបញ្ជាការកងពល បានថ្លែងសំណេះសំណាល និងផ្តាំផ្ញើក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេស គឺរឿងគ្រោះធម្មជាតិ ទឹកជំនន់ដោយសារទឹកភ្លៀង និងខ្យល់កន្ត្រាក់នេះ ដែលអាចនឹងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងផលដំណាំខ្ទេចគ្មានសល់អ្វីឡើយ បើយើងធ្វេសប្រហែស។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ ពិតជាមានការសប្បាយរីករាយ ដោយបានឃើញកងកម្លាំងចុះទាន់ពេលវេលា ដែលបានជួយសំរាលទុក្ខលំបាក របស់ពួកគាត់ក្នុងគ្រានេះ អាចឲ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រមូលផលទុកដាក់របស់របរឡើងវិញ។

ឆ្លៀតក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក៏បានថ្លែងអំណរគុណជូនចំពោះ លោកមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការកងពល៥៣ ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំង ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ គ្រប់កាលទេសៈ ស័ក្តិសមជាកងទ័ព សម័យតេជោសន្តិភាព ពិតប្រាកដមែន៕