(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសន្យាបន្តនាំយកនូវទេយ្យវត្ថុ មានជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ ដែលទទួលបានការឧបត្ថម្ភមកពីតាមបណ្ដាវត្តនានា ក្នុងការចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ដើម្បីឲ្យស្របតាមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ការសន្យារបស់លោក ជា ពិសី បានធ្វើឡើងក្នុងនាមលោកអញ្ជើញចូលរួមជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងការទទួលយកទេយ្យវត្ថុជាច្រើន ដើម្បីយកមករក្សាត្រៀម ទុកចែកជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត ក្នុងមូលដ្ឋាន ពីព្រះចៅអធិការវត្ត (ទួលសន្តិវ័ន) ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវនិងថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ពិធីនេះដែរ ក៏មានព្រះវត្តមាន និងវត្តមានអញ្ជើញចូលរួមជាកិត្តិយស ពីព្រះតេជគុណព្រះអនុគណខណ្ឌ, ថ្នាក់ដឹកនាំនៃសាលាអនុគណខណ្ឌ, ព្រះចៅអធិការវត្ត និងតំណាងព្រះចៅអធិការវត្ត, លោក-លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា, មន្ត្រីអនុសាខា, ព្រមជាមួយ មន្ត្រីខណ្ឌ បាននិមន្តនិងចូលរួមផងដែរ។

ក្នុងនាមប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ លោក ជា ពិសី ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះចៅអធិការវត្ត (ទួលសន្តិវ័ន) ដោយបានផ្ដល់នូវវប្បធម៌ចែករំលែក ទាំងគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ក៏ដូចជាបច្ច័យ មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងគោលបំណងចូលរួមគាំទ្រ ជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ។

សូមជម្រាបថា សម្រាប់ទេយ្យវត្ថុ ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទទួលបានពីវត្តទួលសន្តិវ័ន ដើម្បីយកមករក្សាត្រៀមទុកចែកជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត ក្នុងមូលដ្ឋាន រួមមាន៖ អង្ករ ០១តោន (១,០០០ គ.ក), មី១០កេស, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស និង២០យួរ, ទឹកត្រី ១០យួរ, ទឹកស៊ីអ៉ីវ ១០យួរ, ស្ករស ១០គីឡូក្រាម, គ្រឿងបរិក្ខារផ្ទះបាយ ២សម្រាប់, តែ ៣០០កញ្ចប់, ទឹកដោះគោ ២០កំប៉ុង និងបច្ច័យ ៣.៥០០.០០០រៀល ដែលសរុបជាសាច់ប្រាក់ ចំនួន ៧,៥៦៧,០០០ រៀល)៕